Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ វាយប្រហារលើភាគខាងត្បូងហ្វីលីពីន (Video inside)

17-10-2025 08:54

(ម៉ានីល)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័របានវាយប្រហារលើភាគខាងត្បូងនៃប្រទេសហ្វីលីពីន នៅថ្ងៃសុក្រ ទី១៧ ខែតុលា មួយសប្ដាហ៍ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់២លើកវាយប្រហារលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។ នេះជាការគូសបញ្ជាក់របស់មន្ត្រីជួយសង្រ្គោះម្នាក់ប្រាប់ AFP។ តាម USGS គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅក្បែរ ទីក្រុង Dapa នៃខេត្ត Surigao del Norte និងជម្រៅរញ្ជួយទៅក្នុងដី ៦៩គីឡូម៉ែត្រ។ គ្រោះរញ្ជួយដីនៅថ្ងៃសុក្រនេះដែរកើតមានឡើងមួយសប្ដាហ៍ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ និង៦.៧រ៉ិចទ័រ បានវាយប្រហារលើផ្នែកខាងកើតនៃកោះ Mindanao ដោយបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៨នាក់។

គ្រោះរញ្ជួយដីទាំង២លើកនេះទៀតសោត កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ សម្លាប់មនុស្ស ៧៦នាក់ និងបំផ្លាញ ឬបង្កការខូចខាត ៧២ ០០០ខ្នង នៅក្នុងខេត្ត Cebu នៅភាគកណ្ដាលនៃប្រទេសហ្វីលីពីន។ ហ្វីលីពីនជាប្រទេសមួយមានទីតាំងស្ថិតនៅខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលធ្វើឱ្យប្រទេសនេះជួបប្រទះនឹងគ្រោះរញ្ជួយដី ហើយក៏តែងតែជួបប្រទះនឹងព្យុះ ជាញឹកញាប់ផងដែរ៕