Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហភាពអឺរ៉ុប ស្នើគម្រោងការពារជាតិស្នូលដើម្បីទប់ទល់នឹងដ្រូន និងពង្រឹងព្រំដែនភាគខាងកើត (Video inside)

16-10-2025 21:49

(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុបបានស្នើគម្រោងការពារជាតិស្នូលចំនួន ៤ ដែលរួមមានប្រព័ន្ធទប់ទល់នឹងយន្តហោះដ្រូន និងការពង្រឹងព្រំដែនភាគខាងកើត ដើម្បីត្រៀមការពារទ្វីបអឺរ៉ុបនៅឆ្នាំ២០៣០។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

លោកស្រី កាយ៉ា កាឡាស (Kaja Kallas) ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានថ្លែងថា «គ្រោះថ្នាក់នឹងមិនរលាយបាត់ទេ ទោះសង្គ្រាមនៅអ៊ុយក្រែនបញ្ចប់ក៏ដោយ។ យើងត្រូវពង្រឹងការការពារប្រឆាំងនឹងរុស្ស៊ី»។ សំណើនេះឆ្លុះបញ្ចាំងពីក្តីបារម្ភចំពោះការឈ្លានពានរបស់រុស្ស៊ី និងការអំពាវនាវរបស់លោក ដូណាល់ ត្រាំ ដែលជំរុញឱ្យអឺរ៉ុបទទួលខុសត្រូវបន្ថែមលើសន្តិសុខរបស់ខ្លួន។

គួរបញ្ជាក់ថា គម្រោងសំខាន់ៗរួមមាន គំនិតផ្តួចផ្តើមការពារប្រឆាំងដ្រូនអឺរ៉ុប ការឃ្លាំមើលព្រំដែនភាគខាងកើត ខែលការពារដែនអាកាសអឺរ៉ុប និងខែលការពារអវកាសអឺរ៉ុប។ គណៈកម្មការបានបញ្ជាក់ថា គម្រោងពីរដំបូងជាអាទិភាពបន្ទាន់ និងគួរមានសមត្ថភាពដំបូងនៅចុងឆ្នាំ២០២៦។