Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីស្រាអែល និងហាម៉ាស ទម្លាក់កំហុសគ្នាទៅវិញទៅមកជុំវិញការរំលោភបទឈប់បាញ់ (Video inside)

16-10-2025 21:05

(ហ្ស៊េរុយសាឡិម)៖ បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកកំពុងប្រឈមនឹងភាពរង្គោះរង្គើ ខណៈដែលអ៉ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើមផ្លាស់ប្តូរការចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការរំលោភបំពានកិច្ចព្រមព្រៀង ដោយភាគីនីមួយៗបានអះអាងថា ភាគីម្ខាងទៀតជាអ្នកបង្កហេតុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មន្ត្រីជាន់ខ្ពស់ហាម៉ាសម្នាក់បានចោទប្រកាន់អ៉ីស្រាអែលថា បានរំលោភបទឈប់បាញ់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់ ចាប់តាំងពីថ្ងៃសុក្រមក។ លោកបានបន្ថែមថា បញ្ជីនៃការរំលោភបំពានទាំងនោះត្រូវបានប្រគល់ជូនអ្នកសម្របសម្រួលរួចហើយ ដោយបានបញ្ជាក់ថា «រដ្ឋដែលកំពុងកាន់កាប់ កំពុងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីបំផ្លាញកិច្ចព្រមព្រៀង»។

ជាការឆ្លើយតប យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយភ្លាមៗចំពោះការចោទប្រកាន់ថ្មីនេះទេ។ ទោះជាយ៉ាងណា យោធាអ៊ីស្រាអែលបានអះអាងពីមុនថា ប្រជាជនប៉ាឡេស្ទីនមួយចំនួនបានមិនអើពើនឹងការព្រមានមិនឱ្យចូលជិតទីតាំងកងកម្លាំងរបស់ខ្លួន ដែលនាំឱ្យកងទ័ព «បាញ់ប្រហារដើម្បីលុបបំបាត់ការគំរាមកំហែង»។

គួរបញ្ជាក់ថា ភាពតានតឹងនេះត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយជម្លោះជុំវិញការប្រគល់សាកសពចំណាប់ខ្មាំង។ អ៊ីស្រាអែលទាមទារឱ្យហាម៉ាសប្រគល់សាកសពចំណាប់ខ្មាំងដែលស្លាប់ទាំង ២៨ នាក់មកវិញ ខណៈហាម៉ាសអះអាងថា ការប្រគល់សាកសពបន្ថែមទាមទារការអនុញ្ញាតឱ្យនាំគ្រឿងម៉ាស៊ីនធុនធ្ងន់ចូលទៅក្នុងតំបន់ហ្កាហ្សាដើម្បីជីកកកាយជាមុន៕