Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកខ្ទាតចេញពីប្រទេសកំពូលទាំង១០ ដែលលិខិតឆ្លងដែនមានឥទ្ធិពលជាងគេ ដោយជាលើកទីមួយក្នុងរយៈពេល២០ឆ្នាំ (Video inside)

16-10-2025 13:58

(សិង្ហបុរី)៖ ជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ សហរដ្ឋអាមេរិក បានធ្លាក់ចេញពីបញ្ជីនៃលិខិតឆ្លងដែន ដែលមានឥទ្ធិពលបំផុតទាំង១០ របស់ពិភពលោក ស្របពេលដែលអំណាចនៃលិខិតឆ្លងដែនរបស់អាមេរិក បន្តថយចុះជាលំដាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥។

យោងតាមការចេញផ្សាយថ្មីចុងក្រោយក្នុងសប្តាហ៍នេះ នៃតារាងសន្ទស្សន៍លិខិតឆ្លងដែន Henley Passport Index លិខិតឆ្លងដែនអាមេរិក បច្ចុប្បន្នបានធ្លាក់ដល់ចំណាត់ថ្នាក់លេខ១២ នៅលើពិភពលោក ដោយស្មើជាមួយម៉ាឡេស៉ី និងផ្តល់ការធ្វើដំណើរ​ដោយមិនចាំបាច់សុំទិដ្ឋាការ ទៅកាន់គោលដៅចំនួន១៨០ ក្នុងចំណោមគោលដៅសរុបចំនួន២២៧។

បើតាម Henley Passport Index សម្រាប់លិខិតឆ្លងដែនដែលស្ថិតនៅចំណាត់ថ្នាក់កំពូលទី១ គឺសិង្ហបុរី ដែលអ្នកកាន់លិខិតឆ្លងដែននេះ អាចធ្វើដំណើរទៅគោលដៅចំនួន១៩៣ ដោយពុំត្រូវការទិដ្ឋាការ ហើយកូរ៉េខាងត្បូងស្ថិតនៅលេខ២ ជាមួយ១៩០គោលដៅ និងជប៉ុននៅលេខ៣ ជាមួយ១៨៩គោលដៅ។ Henley Passport Index ផ្តល់ចំណាត់ថ្នាក់ ដល់លិខិតឆ្លងដែនប្រទេសនីមួយៗ ដោយផ្អែកលើចំនួនគោលដៅ ដែលអ្នកកាន់លិខិតឆ្លងដែនទាំងនោះ អាចធ្វើដំណើរទៅបាន ដោយមិនចាំបាច់ត្រូវសុំទិដ្ឋាការជាមុន។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ លិខិតឆ្លងដែនរបស់សហរដ្ឋអាមេរិក គឺធ្លាប់បានឈរនៅចំណាត់ថ្នាក់លេខ១ ប៉ុន្តែជាច្រើនឆ្នាំមកនេះ វាបានថយចុះឥទ្ធិពលជាបន្តបន្ទាប់ ខណៈចំណាត់ថ្នាក់ថ្មីចុងក្រោយបង្អស់ខាងលើ គឺជាចំណាត់ថ្នាក់ទាបបំផុត សម្រាប់លិខិតឆ្លងដែនអាមេរិក គិតតាំងពីការចេញផ្សាយសន្ទស្សន៍របស់ Henley Passport Index ចាប់ផ្តើមធ្វើឡើង កាលពី២០ឆ្នាំមុន។ ការធ្លាក់ចុះនៃអំណាចរបស់លិខិតឆ្លងដែនអាមេរិក ត្រូវគេមើលឃើញថា គឺមកពីលិខិតឆ្លងដែនរបស់ប្រទេសនេះ ខ្វះនូវបដិការ ឬការអនុវត្តទៅមកដោយស្មើភាពគ្នា តួយ៉ាងអ្នកកាន់លិខិតឆ្លងដែនអាមេរិក អាចធ្វើដំណើរទៅគោលដៅរហូតដល់​១៨០ ដោយមិនចាំបាច់សុំទិដ្ឋាការ ខណៈមានតែប្រទេស៤៦ប៉ុណ្ណោះ ដែលអាចចូលទៅសហរដ្ឋអាមេរិក ដោយគ្មានទិដ្ឋាការ៕