Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន៖ អ៊ុយក្រែនត្រូវការសព្វាវុធអាមេរិករហូតដល់ ២០ពាន់លានដុល្លារ តាមរយៈកម្មវិធី NATO សម្រាប់ឆ្នាំក្រោយ (Video inside)

16-10-2025 13:13

(កៀវ)៖ កាលពីថ្ងៃពុធ ទី១៥ ខែតុលា រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Denys Shmyhal បាននិយាយថា ប្រទេសរបស់លោក នឹងត្រូវការជំនួយយោធាគិតជាទឹកប្រាក់ចន្លោះ ១២-២០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦ ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមថ្មីរបស់​អង្គការ NATO ដើម្បីទិញសព្វាវុធពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងអំឡុងកិច្ចប្រជុំការពារជាតិមួយនៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក លោក Shmyhal បាននិយាយបន្ថែមទៀតថា អ៊ុយក្រែនមានសមត្ថភាព​ផលិតយន្តហោះដ្រូន អាចបានដល់១០លានគ្រឿង នៅឆ្នាំ២០២៦ ជាមួយការផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ពីសម្ព័ន្ធមិត្ត ប៉ុន្តែខ្លួនក៏ត្រូវការផងដែរ នូវគ្រាប់កាំភ្លើងធំនិងមីស៉ីលរយៈចម្ងាយឆ្ងាយៗបន្ថែម ដើម្បីយកទៅប្រយុទ្ធតទល់ជាមួយកងកម្លាំងរុស្ស៉ី។

គួរបញ្ជាក់ថា នាថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាគ្នាផ្ទាល់ នៅទីក្រុងវ៉ាស៉ីនតោន ជាទីដែលមេដឹកនាំទាំងពីរ នឹងជជែកអំពីការការពារដែនអាកាស ក៏ដូចជាសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយរបស់អ៊ុយក្រែន៕