Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ បញ្ជាឱ្យបើកប្រាក់ខែដល់កងទ័ព អំឡុងពេលមានការបិទរដ្ឋាភិបាលសហព័ន្ធ (Video inside)

16-10-2025 11:54

(វ៉ាស៉ីនតោន)៖ សេតវិមាន បានឱ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយឱ្យមន្ទីរបញ្ចកោណជាអ្នកទទួលបន្ទុកផ្ទាល់ ដើម្បីធានាថាបុគ្គលិកយោធាកំពុងបំពេញបេសកកម្ម នៅតែមានប្រាក់ខែ ទោះបីជាមានការបិទរដ្ឋាភិបាលសហព័ន្ធក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ ២០២៥។

នៅក្នុងខ្លឹមសារនៃបទ​បញ្ជា​ប្រតិបត្តិ​ ដែល​សេតវិមានចែកចាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម លោក ត្រាំ ណែនាំដល់ប្រមុខនៃមន្ទីរបញ្ចកោណ លោក Pete Hegseth ឱ្យយកប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភដែលសភាបានអនុម័ត និងមានសម្រាប់ការចំណាយក្នុងឆ្នាំសារពើពន្ធ ២០២៦ មកទូទាត់បើកប្រាក់ខែ និងប្រាក់ឧបត្ថម្ភ ដល់បុគ្គលិកយោធាកំពុងបំពេញបេសកកម្ម ទៅតាមពេលវេលាកំណត់។

ខណៈការប្រឈមមុខដាក់គ្នា រវាងសមាជិកសភានៃគណបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ អូសបន្លាយដល់សប្តាហ៍ទី ៣ យោធាដែលមានកាតព្វកិច្ចចំនួន ១.៣លាននាក់ ត្រូវប្រថុយធ្វើការដោយគ្មានប្រាក់ខែ ពាក់កណ្តាលខែរបស់ពួកគេ។ យោធានៅតែបំពេញកាតព្វកិច្ច ទោះបីជាមានការបិទរដ្ឋាភិបាលសហព័ន្ធ ចាប់តាំងថ្ងៃទី១ ខែតុលា ពីព្រោះចាត់ទុកថាការងាររបស់ពួកគេ ចាំបាច់សម្រាប់សន្តិសុខជាតិ៕