អ៉ីស្រាអែល ព្រមានធ្វើសង្រ្គាមឡើងវិញ បើហាម៉ាស មិនគោរពបទឈប់បាញ់ហ្កាហ្សា (Video inside)
16-10-2025 11:14
(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល បានគំរាមថានឹងបើកការវាយប្រហារឡើងវិញ ប្រសិនបើក្រុមហាម៉ាស មិនស្មោះត្រង់នឹងលក្ខខណ្ឌនៃបទឈប់បាញ់ សម្របសម្រួលដោយសហរដ្ឋអាមេរិក និងដែលបានផ្អាកសង្រ្គាមក្នុងតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ ២០២៥។
សេចក្តីថ្លែងការណ៍ពីការិយាល័យរដ្ឋមន្រ្តីការពារជាតិ លោក Israel Katz កើតមានឡើង បន្ទាប់ពីហាម៉ាស បានប្រគល់សាកសពចំណាប់ខ្មាំងពីរនាក់មកឱ្យអ៉ីស្រាអែលបន្ថែមលើការប្រគល់ពីមុន ហើយនិយាយថា ខ្លួនមិនអាចយកសាកសពបន្ថែមទៀត ចេញពីទីតាំងបែកបាក់នៅហ្កាហ្សា ដោយគ្មានសម្ភារបច្ចេកទេសបានទេ។
គិតចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍ ក្រោមការព្រមព្រៀងឈប់បាញ់គ្នា ដែលប្រកាសដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក្រុមហាម៉ាស បានប្រគល់ចំណាប់ខ្មាំងមានជីវិតចំនួន ២០នាក់មកឱ្យអ៉ីស្រាអែល ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជិត ២ ០០០នាក់ ចេញពីពន្ធនាគាររបស់អ៉ីស្រាអែល។ ក្រោយមក ហាម៉ាសបានប្រគល់សាកសពចំណាប់ខ្មាំងចំនួន ២៨នាក់ ដែលក្នុងនោះមាន ៨នាក់ អ៉ីស្រាអែលថា មិនមែនជាចំណាប់ខ្មាំងរបស់ខ្លួនឡើយ៕