ចិន ចង់បានទំនាក់ទំនងរឹងមាំជាមួយបារាំង ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ (Video inside)
16-10-2025 09:08
(ប៉េកាំង)៖ ចិនបានបង្ហាញពីឆន្ទៈចង់ពង្រឹងទំនាក់ទំនងជាមួយបារាំង នៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្ររវាងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងទីប្រឹក្សាការទូតរបស់ប្រធានាធិបតីបារាំង។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្ដីថ្លែងការណ៍ខាងលើដដែលបានឱ្យដឹងថាលោក Wang Yi បានប្រាប់ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីបារាំង លោក Emmanuel Bonne ក្នុងជំនួបកាលពីថ្ងៃពុធ ទី១៥ ខែតុលា ថាចិនត្រៀមលក្ខណៈរួចជាស្រេចដើម្បីពង្រឹងការជឿទុកចិត្តខាងយុទ្ធសាស្ត្រគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ។ លោក Wang Yi បានសង្កត់ធ្ងន់ថាចិន សង្ឃឹមថាបារាំងនឹងផ្ដល់ការធានានយោបាយដ៏រឹងមាំចំពោះទំនាក់ទំនងទ្វេភាគីជាមួយចិន ហើយលោកប្រមុខការទូតចិនក៏បានលើកឡើងផងដែរពីកិច្ចសហប្រតិបត្តិការលើ វិស័យថាមពលនុយក្លេអ៊ែរស៊ីវិល អវកាស កសិកម្ម ចំណីអាហារ AI និងថាមពលថ្មីៗ។
ភាគីទាំង២ ក៏បានពិភាក្សាគ្នាផងដែរលើសំណុំរឿងសង្រ្គាមនៅអ៊ុយក្រែន ស្ថានការណ៍នៅមជ្ឈិមបូព៌ា និងអភិបាលកិច្ចសកល ដែលក្នុងនោះភាគីទាំង២ឯកភាពគ្នាថានឹងរក្សាការទំនាក់ទំនងគ្នា៕