Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: សមាជិកព្រឹទ្ធសភាថៃ លោកស្រី Angkhana បានរងការគំរាមសម្លាប់ពីក្រុមជ្រុលនិយមថៃ ព្រោះតែលោកស្រីចេញមកប្រឆាំងការចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់, អ្នករាយការណ៍ពិសេសរបស់ UN សម្តែងការបារម្ភយ៉ាងខ្លាំង (Video inside)

15-10-2025 23:14

(បាងកក, ថៃ)៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី ម៉ារី ឡាវល័រ (Mary Lawlor) បានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការគំរាមសម្លាប់ និងការវាយប្រហារតាមអនឡាញ ដែលកំពុងកើតមានឡើងប្រឆាំងនឹងលោកស្រី អាំងខណា នីឡាផៃចិត្រ (Angkhana Neelapaijit) ដែលជាសមាជិកព្រឹទ្ធសភាថៃ ក្រោយពេលលោកស្រីបានចេញប្រឆាំងការចាក់សំឡេងរំខានប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ពីសំណាក់ក្រុមជ្រុលនិយម ក្រោមការគាំទ្ររបស់យោធា និងអាជ្ញាធរខេត្តស្រះកែវ។ នេះបើតាមការបង្ហោះនៅលើបណ្តាញសង្គម X របស់លោកស្រីផ្ទាល់ នៅថ្ងៃពុធ​ ទី១៥ ខែតុលា ឆ្នាំ២០២៥។

លោកស្រី ឡាវល័រ បានសរសេរថា «ការការពារការពិត យុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ មិនមែនជាឧក្រិដ្ឋកម្មទេ។ លោកស្រី Angkhana ត្រូវតែទទួលបានការការពារ មិនមែនការចោទប្រកាន់ ឬការបំផ្លើសនោះទេ»។

ការគំរាមកំហែងទាំងនេះកើតឡើងបន្ទាប់ពីលោកស្រី Angkhana បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងពីប្រជាជនថៃមួយចំនួន ដែលបានចោទប្រកាន់នាងថា «ជាជនជាតិថៃ ប៉ុន្តែមានបេះដូងខ្មែរ» បន្ទាប់ពីលោកស្រីបានបញ្ចេញជំហរប្រឆាំងនឹងការប្រើឧបករណ៍បំពងសម្លេងរំខានប្រជាជនខ្មែរនៅពេលយប់ នៅតំបន់ភូមិព្រៃចាន់ និងជោគជ័យរបស់ខ្មែរ។

គួរបញ្ជាក់ថា ជំហររបស់លោកស្រីបានបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីក្រុមជនជាតិនិយមថៃជ្រុលនិយម ដែលបានទាមទារឱ្យលោកស្រីលាលែងពីតំណែងសមាជិកព្រឹទ្ធសភា។

លោកស្រី Angkhana ត្រូវបានគេស្គាល់ថាជាអ្នកតស៊ូមតិដ៏សកម្មលើបញ្ហាសិទ្ធិមនុស្សនៅប្រទេសថៃ៕