ឆ្លើយតបអ្នកនាំពាក្យក្រសួងការពារជាតិថៃរឿងបើកច្រកព្រំដែន, សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនទៅថោកអង្វរថៃបើកព្រំដែនឡើងវិញនោះឡើយ ទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅអង្វរដែរ
15-10-2025 20:16
(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បដិសេធ ការបំភាន់ព័ត៌មានពីអ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលបានលើកឡើងមួលបង្កាច់ថា សម្ដេចតេជោ ដាក់សម្ពាធឱ្យមានការបើកច្រកព្រំដែនកម្ពុជាថៃ ត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។
លោក ជា ធីរិទ្ធ បញ្ជាក់បន្ថែមថា ជាជំហរបស់សម្ដេចតេជោ សម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនទៅថោកអង្វរសុំថៃបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញទេ ទោះបីថៃបិទ ១០០ឆ្នាំទៀត ក៏កម្ពុជាមិនអង្វរ ឬថៃធ្វើតាមតែចិត្តខ្លួនទៅ។ ដូច្នេះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ ជាការមួលបង្កាច់បំភាន់មតិសាធារណជនទាំងក្នុងប្រទេសថៃ និងទូទៅផងដែរ ដែលជាព័ត៌មានប្រឌិត មិនឆ្លុះបញ្ចាំងពីជំហររបស់សម្ដេចតេជោ ក៏ដូចជាជំហររបស់កម្ពុជាទេ។
លោក ជា ធីរិទ្ធ បញ្ជាក់ថា ជំហររបស់សម្ដេចតេជោ ក៏ដូចជាជំហររបស់កម្ពុជា គ្មានអ្វីប្រែប្រួលទេ គឺដូចសម្ដេចតេជោ បានបញ្ជាក់កន្លងមក។
គួររម្លឹកថា សម្ដេចតេជោ ធ្លាប់លើកឡើងថា សម្ដេចគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះ ទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះ និងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។
ជាង៣ខែ អត់ទំនិញថៃទីផ្សារ កម្ពុជាមានស្ថេរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ៕