Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចក្រភពអង់គ្លេស ត្រូវបានទទូចឱ្យត្រៀមលក្ខណៈបន្ទាន់ ចំពោះបញ្ហាអាកាសធាតុក្តៅជាងមុន ២អង្សាសេ (Video inside)

15-10-2025 16:27

(ឡុងដ៏)៖ ស្ថាប័នតាមដានបញ្ហាអាកាសធាតុ បានឱ្យដឹងនៅថ្ងៃពុធ ទី១៥ ខែតុលានេះថា ចក្រភពអង់គ្លេស ត្រូវតែត្រៀមលក្ខណៈជាបន្ទាន់ សម្រាប់ការកើនឡើងនូវកំដៅយ៉ាងហោចណាស់ ២អង្សារសេទៀត លើសកម្រិតកាលពីសម័យបដិវត្តន៍ឧស្សាហកម្ម នៅឆ្នាំ ២០៥០ ដោយព្រមានថាប្រទេសនេះមិនទាន់ត្រៀមខ្លួនឡើយ សម្រាប់អាកាសធាតុក្តៅដែលកំពុងកើតឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ឆ្នាំនេះ ចក្រភពអង់គ្លេស ជួបប្រទះនូវរដូវក្តៅដ៏ក្តៅខ្លាំងបំផុត មិនធ្លាប់មានចាប់តាំងពីការកត់ត្រាទុក ដែលបានធ្វើឱ្យប៉ះពាល់ដល់សុខភាព កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ជាមួយគ្រោះរាំងស្ងួតក្នុងតំបន់ជាច្រើន។ ក្នុងលិខិតផ្ញើ​ទៅ​រដ្ឋាភិបាល​អង់គ្លេស ដើម្បី​ការឆ្លើយតបចំពោះ​សំណើ​សុំ​យោបល់​ពី​រដ្ឋមន្ត្រី​បរិស្ថាន គណៈកម្មាធិការទទួលបន្ទុកបញ្ហាបម្រែបម្រួលអាកាសធាតុ (CCC) បញ្ជាក់ថា «វាច្បាស់ណាស់ថា យើងមិនទាន់សម្របខ្លួនបាន ទៅនឹងបម្រែបម្រួលអាកាសធាតុ ដែលយើងកំពុងជួបប្រទះសព្វថ្ងៃនេះទេ តែត្រូវត្រៀមទុកសម្រាប់ទសវត្សរ៍ខាងមុខ»

CCC បានរំលេចនូវចំណុចប្រឈមធំចំនួន ៦ ដូចជាសុខភាពសាធារណៈ សន្តិសុខស្បៀង CCC ភាពធន់នឹងហេដ្ឋារចនាសម្ព័ន្ធ ការការពារទីក្រុង និងទីប្រជុំជនពីការរំខានដោយអាកាសធាតុក្តៅខ្លាំង ការថែរក្សាសេវាសាធារណៈ និងកំណើនសេដ្ឋកិច្ចដែលធន់នឹងអាកាសធាតុ។

លោកស្រី Julia King ប្រធានគណៈកម្មាធិការសម្របនៃ CCC បានប្រាប់សន្និសីទសារព័ត៌មានថា «យើងបន្តជឿថា ការព្យាករថានឹងកើនឡើងកំដៅថែម ១.៥អង្សាសេ គឺអាចកើតមានក្នុងរយៈពេលវែង។ ជាមួយគ្នានេះ ការកើនឡើងនូវកំដៅផែនដី ៤អង្សាបន្ថែម នៅចុងសតវត្សន៍នេះ គឺមិនអាចបដិសេធបានទេ ហើយវាគួរតែត្រូវបាន យកទៅពិចារណាក្នុងផែនការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីឱ្យអាចទប់ទល់បានក្នុងរយៈពេល ៧៥ទៅ ១០០ឆ្នាំខាងមុខ៕