លោក ត្រាំ គំរាមចាត់វិធានការពន្ធប្រឆាំងអេស៉្បាញ ដោយសារមិនព្រមបង្កើនកញ្ចប់ថវិកាយោធា ស្របតាមគោលដៅ NATO (Video inside)
15-10-2025 16:01
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមចាត់វិធានការផ្នែកពាណិជ្ជកម្ម រួមមានទាំងវិធានការពន្ធប្រឆាំងប្រទេសអេស៉្បាញ ដោយសារតែទីក្រុងម៉ាឌ្រីដ មិនព្រមបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយ ហើយលោកចាត់ទុកទង្វើនេះថា ជាការប្រមាថចំពោះអង្គការ NATO។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំមិនសប្បាយចិត្តជាខ្លាំងជាមួយអេស៉្បាញ។ ពួកគេគឺជាប្រទេសតែមួយគត់ ដែលមិនបានបង្កើនការចំណាយលើវិស័យការពារជាតិ ឱ្យដល់៥ភាគរយ ហេតុនេះហើយ ខ្ញុំមិនសប្បាយចិត្តជាមួយអេស៉្បាញឡើយ។ ខ្ញុំកំពុងគិតចង់ដាក់ពិន័យផ្នែកពាណិជ្ជកម្មលើពួកគេ តាមរយៈការដំឡើងពន្ធគយ ដោយសារតែអ្វីដែលពួកគេបានធ្វើ ហើយខ្ញុំគិតថា ខ្ញុំប្រហែលជានឹងធ្វើបែបនោះ»។
គួរបញ្ជាក់ថា លោក ត្រាំ បានជំរុញជាខ្លាំងឱ្យសមាជិក NATO ទាំងអស់ ចំណាយថវិកាឱ្យច្រើនជាងមុន សម្រាប់ការការពារខ្លួនពួកគេផ្ទាល់ ហើយបានបង្កឱ្យមានមន្ទិលសង្ស័យ ជុំវិញឆន្ទៈរបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការមកជួយការពារសមាជិកទាំងឡាយណា ដែលមិនព្រមបង្កើនការចំណាយឱ្យគ្រប់គ្រាន់។ កាលពីសប្តាហ៍មុន លោក ត្រាំ ថែមទាំងបាននិយាយថា NATO គួរតែពិចារណាបណ្តេញអេស៉្បាញចេញពីបក្សសម្ព័ន្ធយោធានេះតែម្តង ដោយសារតែរឿងមិនព្រមការបង្កើនការចំណាយ ឱ្យស្របតាមគោលដៅថ្មីរបស់ NATO។ អេស៉្បាញ គឺជាសមាជិកតែមួយគត់ ក្នុងចំណោមសមាជិកសរុប៣២ប្រទេស របស់ NATO ដែលមិនព្រមប្តេជ្ញាបង្កើនថវិកាយោធាដល់ ៥ភាគរយនៃ GDP៕