Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យោធាប៉ាគីស្ថានអះអាងថា សមាជិកក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន ចំនួន២០នាក់ស្លាប់ ក្នុងការប៉ះទង្គិចគ្នានាថ្ងៃពុធនេះ (Video inside)

15-10-2025 15:23

(អ៉ីស្លាម៉ាបាដ)៖ យោធាប៉ាគីស្ថានបានអះអាងថា សមាជិកក្រុមតាលីបង់ប្រហែល២០នាក់ ត្រូវបានសម្លាប់នៅអាហ្វហ្កានីស្ថាន អំឡុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងប៉ាគីស្ថាន ខណៈការប្រយុទ្ធគ្នានៅព្រំដែនរវាងប្រទេសជិតខាងទាំងពីរ បន្តដល់សប្តាហ៍ទី២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោធាប៉ាគីស្ថាន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមតាលីបង់ដែលបច្ចុប្បន្នគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន បានវាយប្រហារមកលើ​ទីតាំងចំនួន៤របស់ខ្លួន ហើយនៅពេលវាយបកទប់ទល់ការវាយប្រហារនោះ សមាជិកតាលីបង់អាហ្វហ្កានីស្ថានខ្ទង់១៥-២០នាក់ ត្រូវបានសម្លាប់និងជាច្រើននាក់ទៀតរងរបួស ខណៈស្ថានការណ៍កំពុងបន្តវិវត្តនៅឡើយ។ បើតាមយោធាប៉ាគីស្ថាន មិនតែប៉ុណ្ណោះ សមាជិកតាលីបង់ និងអ្នកប្រយុទ្ធដែលមានទំនាក់ទំនងជាមួយតាលីបង់ប្រហែល៣០នាក់ផ្សេងទៀត ក៏ត្រូវសង្ស័យថាបានស្លាប់ដូចគ្នា ក្នុងការប៉ះទង្គិចដាច់ដោយឡែក កាលពីវេលាយប់កន្លងទៅ នៅតំបន់ព្រំប្រទល់។

មុនការចេញសេចក្តីថ្លែងការណ៍របស់យោធាប៉ាគីស្ថាន អ្នកនាំពាក្យក្រុមតាលីបង់ បានអះអាងថា ជនស៉ីវិលយ៉ាងហោច១៥នាក់ ត្រូវបានសម្លាប់ និងប្រហែល១០០នាក់ទៀតបានរងរបួស ក្នុងការវាយប្រហារទៅលើអាហ្វហ្កានីស្ថាន នាថ្ងៃពុធនេះ ដោយកងកម្លាំងប៉ាគីស្ថាន នៅស្រុក Spin Boldak ភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន ភាគីទាំងពីរ ក៏បានប៉ះទង្គិចគ្នានៅព្រំដែនផងដែរ ដោយពេលនោះ ទីក្រុងអ៉ីស្លាម៉ាបាដ បានអះអាងថា ខ្លួនបានសម្លាប់អ្នកប្រយុទ្ធតាលីបង់​ជាង២០០នាក់ រីឯរដ្ឋាភិបាលតាលីបង់ បានអះអាងថា ទាហានប៉ាគីស្ថាន៥៨នាក់ ត្រូវបានសម្លាប់។ ក្រោយមក ប៉ាគីស្ថានបានទទួលស្គាល់ថា ទាហានរបស់ខ្លួនយ៉ាងហោច២៣នាក់បានស្លាប់ និង២៩នាក់របួស ខណៈទីក្រុងកាប៊ុល មិនបានទទួលស្គាល់ ​តួលេខស្លាប់និងរបួសរបស់តាលីបង់ឡើយ៕