អាមេរិកថា ការដំឡើងពន្ធបន្ថែម១០០ភាគរយលើចិន ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា គឺអាស្រ័យលើសកម្មភាពរបស់ទីក្រុងប៉េកាំង (Video inside)
15-10-2025 14:57
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១៤ ខែតុលា ប្រធានតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លោក Jamieson Greer បាននិយាយថា ការដំឡើងពន្ធបន្ថែម១០០ភាគរយលើទំនិញចិន ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ ខែវិច្ឆិកា គឺអាស្រ័យលើសកម្មភាពបន្ទាប់របស់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Greer បាននិយាយថា ក្រុមមន្រ្តីអាមេរិកនិងចិន បានបន្តបើកកិច្ចពិភាក្សាជាមួយគ្នា នៅទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃចន្ទ ហើយភាគីទាំងពីរ កំពុងព្យាយាមស្វែងរកដំណោះស្រាយ ជុំវីញការរឹតត្បិតរបស់ចិន លើការនាំចេញរ៉ែកម្រ។ ទីផ្សារហិរញ្ញវត្ថុ បានស្ថិតក្នុងភាពប្រែប្រួលខ្លាំង ចាប់តាំងពីលោក ត្រាំ បានប្រកាសពន្ធ១០០ភាគរយថ្មីទៀតលើទំនិញរបស់ចិន បន្ថែមពីលើពន្ធដែលមានស្រាប់គិតជាមធ្យម៥៥ភាគរយ ដោយលោកបានអះអាងថា វាជាចំណាត់ការសងសឹក ដោយសារទីក្រុងប៉េកាំង ពង្រីកការគ្រប់គ្រងលើការនាំចេញរ៉ែកម្រ។
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងក្រសួងពាណិជ្ជកម្មចិន បាននិងកំពុងធ្វើការដើម្បីបន្ធូរបន្ថយក្តីបារម្ភ ដោយព្យាយាមធានាដល់វិនិយោគិនថា កិច្ចពិភាក្សានៅតែកំពុងបន្ត ដើម្បីទប់ស្កាត់ការកើនឡើងកម្តៅខ្លាំងសាជាថ្មី នៃសង្រ្គាមពាណិជ្ជកម្ម។ លោក Greer បានអះអាងថា លោក ត្រាំ នៅតែមានឆន្ទៈចរចាគ្នា ប៉ុន្តែចិនចាំបាច់ត្រូវបង្ហាញភាពបត់បែន។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានថា ការធ្លាក់ដុនដាបកាន់តែខ្លាំងនៃទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន អាចពន្យឺតកំណើនសេដ្ឋកិច្ចសកល ហើយបន្ថែមសម្ពាធថែមទៀតលើអតិផរណា៕