អ៊ុយក្រែន ជម្លៀសប្រជាជនក្នុងទ្រង់ទ្រាយធំ ចេញពីទីក្រុង Kupiansk នៃតំបន់ Kharkiv ដោយសារតែការវាយប្រហាររបស់រុស្ស៉ី
15-10-2025 11:52
(កៀវ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរក្នុងតំបន់ បានបញ្ជាឱ្យជម្លៀសពលរដ្ឋចេញពីភូមិជាច្រើន ស្ថិតនៅក្បែរទីក្រុង Kupiansk តំបន់ Kharkiv ភាគឦសានដែលរងការបំផ្លិចបំផ្លាញស្រាប់ ដោយលើកឡើងពីស្ថានភាពសន្តិសុខកាន់តែអាក្រក់ នៅក្នុងតំបន់ដែលប្រឈមនឹងការវាយប្រហារខ្លាំងក្លារបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ ២០២៥។
លោក Oleh Syniehubov អភិបាលតំបន់ Kharkiv បានឱ្យដឹងថា ពលរដ្ឋសរុបចំនួន ៤០៩គ្រួសារ ត្រូវបានប្រាប់ឱ្យចាកចេញពី ២៧ទីតាំង។ ក្រោយមក មន្ត្រីម្នាក់ទៀតក្នុងតំបន់ បានប្រាប់ទូរទស្សន៍ Suspilne ថាបញ្ជីរាយនាមតំបន់ដែលត្រូវជម្លៀស ត្រូវបានពង្រីកដល់ ៤០ទីតាំង។
ដំបូងឡើយ Kupiansk ត្រូវកងកម្លាំងរុស្ស៉ី ចាប់យកបាននៅដើមសប្តាហ៍នៃការឈ្លានពានអ៊ុយក្រែន នាខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែកងកម្លាំងទីក្រុងកៀវ ដណ្តើមបានមកវិញនៅក្នុងឆ្នាំដដែល។ ច្រើនខែមកនេះ កងទ័ពរុស្ស៉ី បាននិងកំពុងវាយលុក ហើយរុលទៅមុខនៅទីក្រុង Kupiansk ដែលជាគោលដៅសំខាន់ដើម្បីវាយរុញច្រានឆ្ពោះទៅភាគខាងលិច និងភាគខាងកើតអ៊ុយក្រែន ក្នុងសង្គ្រាមជាង ៣ឆ្នាំ៕