អ៉ីស្រាអែល កាត់បន្ថយចំនួនរថយន្តដឹកជំនួយចូលហ្កាហ្សា ដោយបន្ទោសហាម៉ាស ថាយឺតយាវក្នុងការបញ្ជូនសពចំណាប់ខ្មាំងត្រឡប់មកវិញ
15-10-2025 11:03
(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល នឹងអនុញ្ញាតឱ្យរថយន្តដឹកជំនួយ តែពាក់កណ្តាលប៉ុណ្ណោះនៃចំនួនសរុបចូលទៅក្នុងតំបន់ហ្កាហ្សា ដែលចាប់ផ្តើមពីថ្ងៃពុធ ទី១៥ ខែតុលានេះ ធ្វើឱ្យក្តីសង្ឃឹមដែលថាស្បៀងអាហារ និងសម្ភារៈផ្គត់ផ្គង់នានា អាចនឹងត្រូវបានបង្កើនដើម្បីសម្រាលគ្រោះទុរភិក្ស បានថយចុះវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមលិខិតមួយដែល Reuters ទទួលបាន និងទទួលស្គាល់ដោយអង្គការសហប្រជាជាតិ (UN) អង្គភាពមួយនៃកងកម្លាំងអ៉ីស្រាអែល ដែលទទួលបន្ទុកលំហូរជំនួយមនុស្សធម៌សម្រាប់ហ្កាហ្សា ហៅកាត់ COGAT ក៏បានជូនដំណឹងដល់ UN ដែរថា គ្មានឥន្ធនៈ ឬឧស្ម័ន នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់នេះទេ លើកលែងតែមានតម្រូវការជាក់លាក់ទាក់ទងនឹងរចនាសម្ព័ន្ធមនុស្សធម៌។
COGAT បានបន្ទោសក្រុមហាម៉ាសថាមានការយឺតយាវ ក្នុងការបញ្ជូនសាកសពចំណាប់ខ្មាំងត្រឡប់មកវិញ សម្រាប់ការកំណត់ឱ្យមានរថយន្តដឹកជំនួយតែ ៣០០គ្រឿងក្នុងមួយថ្ងៃ ដែលពីមុនគេរំពឹងថាអាចឱ្យចូលបាន ក្នុងមួយថ្ងៃ ៦០០គ្រឿង។ ហាម៉ាសនិយាយថា ការយកសាកសពចេញទីតាំង មានការលំបាក៕