UN៖ ប្រទេសជាច្រើនមានឆន្ទៈជួយផ្តល់មូលនិធិ ៧០ពាន់លានដុល្លារ សម្រាប់ការកសាងតំបន់ហ្កាហ្សាឡើងវិញ (Video inside)
14-10-2025 19:17
(ហ្សឺណែវ)៖ មន្ត្រីអង្គការសហប្រជាជាតិម្នាក់បាននិយាយនៅថ្ងៃអង្គារថា បណ្ដាប្រទេសអឺរ៉ុប អារ៉ាប់ កាណាដា និងសហរដ្ឋអាមេរិក ហាក់មានឆន្ទៈក្នុងការចូលរួមចំណែកដល់ថវិកាប្រមាណ ៧០ពាន់លានដុល្លារ ដែលត្រូវការសម្រាប់ការកសាងតំបន់ហ្កាហ្សាឡើងវិញ ដោយបានបន្ថែមថាសង្គ្រាមរយៈពេលពីរឆ្នាំនេះ បានបន្សល់ទុកគំនរបាក់បែកស្មើនឹងពីរ៉ាមីតហ្គីហ្សា១៣ដង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ចាកូ ស៉ីលីយេ (Jaco Cilliers) មន្ត្រីនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បាននិយាយថា សង្គ្រាមរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស បានបង្កើតគំនរបាក់បែកយ៉ាងហោចណាស់ ៥៥លានតោន ហើយវាអាចចំណាយពេលរាប់ទសវត្សរ៍ដើម្បីឱ្យតំបន់ហ្កាហ្សាអាចងើបឡើងវិញបានពេញលេញ។ លោកបានបន្ថែមថា យោងតាមមជ្ឈមណ្ឌលផ្កាយរណបរបស់ UN ប្រហែល ៨៣% នៃអគារទាំងអស់នៅទីក្រុងហ្កាហ្សា ត្រូវបានខូចខាត។
គួរបញ្ជាក់ថា ការពិភាក្សាអំពីការកសាងឡើងវិញនេះកើតមានឡើង បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន ហើយក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលដែលនៅរស់ទាំងអស់កាលពីថ្ងៃចន្ទ ខណៈលោក ដូណាល់ ត្រាំ បានប្រកាសពីការបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេលពីរឆ្នាំ៕