យោធាអ៉ីស្រាអែលថា ខ្លួនបានបាញ់ប្រហារលើជនសង្ស័យនៅហ្កាហ្សា ខណៈអាជ្ញាធរប៉ាឡេស្ទីនរាយការណ៍ថាមានអ្នកស្លាប់៦នាក់
14-10-2025 18:48
(ហ្កាហ្សា)៖ យោធាអ៉ីស្រាអែលបាននិយាយថា ខ្លួនបានបើកការបាញ់ប្រហារនៅថ្ងៃអង្គារ ដើម្បីបង្ក្រាបការគំរាមកំហែងពីក្រុមជនសង្ស័យដែលបានចូលទៅជិតកងកម្លាំងរបស់ខ្លួននៅភាគខាងជើងតំបន់ហ្កាហ្សា ខណៈអាជ្ញាធរសុខាភិបាលក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៦នាក់ត្រូវបានសម្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យោធាអ៉ីស្រាអែលបានបញ្ជាក់ថា ក្រុមជនសង្ស័យបានឆ្លងកាត់ព្រំដែនដែលបានកំណត់សម្រាប់ការដកថយរបស់អ៉ីស្រាអែល ដែលជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលហ្កាហ្សាបានបញ្ជាក់ថា អ្នកស្លាប់ទាំង៦នាក់ គឺស្ថិតក្នុងឧបទ្ទវហេតុបាញ់ប្រហារពីរផ្សេងគ្នានៅទូទាំងតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនេះកើតឡើងតែមួយថ្ងៃ បន្ទាប់ពីក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលដែលនៅរស់ទាំងអស់ ហើយអ៉ីស្រាអែលបានបញ្ជូនអ្នកទោសប៉ាឡេស្ទីនត្រឡប់ទៅវិញ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលលោក ដូណាល់ ត្រាំ បានប្រកាសថាជាការបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេលពីរឆ្នាំ៕