Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ី ចោទប្រកាន់មហាសេដ្ឋី និងជាអ្នករិះគន់វិមានក្រឹមឡាំងម្នាក់ ថារៀបគម្រោងដណ្តើមអំណាច

14-10-2025 15:50

(មូស្គូ)៖ នៅថ្ងៃអង្គារ ទី១៤ ខែតុលានេះ ទីភ្នាក់ងារសន្តិសុខជាតិរុស្ស៉ី (FSB) បានប្រកាសបើកសំណុំរឿងព្រហ្មទណ្ឌ ប្រឆាំងលោក Mikhail Khodorkovsky ដែលត្រូវបានគេស្គាល់ថាអ្នករិះគន់វិមានក្រឹមឡាំង និងកំពុងនិរទេសខ្លួន ដោយចោទប្រកាន់រូបលោក ថាបានបង្កើតអង្គការភេរវករ ហើយរៀបចំគម្រោងដណ្តើមអំណាច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

FSB បានឱ្យដឹងថា ការចោទប្រកាន់នេះ គឺទាក់ទងនឹងសកម្មភាពប្រឆាំងសង្រ្គាមអ៊ុយក្រែន ពីសំណាក់អង្គការមួយ គាំទ្រដោយ លោក Khodorkovsky។ អង្គការនោះមានឈ្មោះ Anti-War Committee និងត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៉ី។ លោក Khodorkovsky ឬអ្នកតំណាងរបស់លោក មិនទាន់មានការបកស្រាយនៅឡើយទេ។

ចាប់តាំងពីឆ្នាំ ២០២២មក លោក Khodorkovsky បានតាំងខ្លួន ជាមេដឹកនាំក្រុមអ្នកនិរទេសខ្លួនជនជាតិរុស្ស៉ី ដែលគាំទ្រឱ្យទីក្រុងកៀវប្រឆាំងទីក្រុងមូស្គូ។ ក្រោយមកត្រូវ រុស្ស៉ីប្រកាសចាត់ទុក ថាលោកគឺជាមនុស្សធ្វើការឱ្យបរទេស។

គួរបញ្ជាក់ថា លោក Khodorkovsky ជាមហាសេដ្ឋីប្រេងម្នាក់នៅរុស្ស៉ី ធ្លាប់ជាប់ឃុំ ១០ឆ្នាំនៅក្នុងពន្ធនាគារនៃតំបន់ស៉ីបេរី លើការចោទប្រកាន់ពីបទក្លែងបន្លំ ដែលលោក និងប្រទេសលោកខាងលិចមួយចំនួនចាត់ទុក មានក្រោមហេតុផលនយោបាយ៕