Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្សយ៉ាងហោច៦៤នាក់ស្លាប់ និងបាត់ខ្លួន៦៥នាក់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅប្រទេសម៉ិកស៉ិក

14-10-2025 13:28

(ម៉ិកស៉ីកូ)៖ កាលពីថ្ងៃចន្ទ ទី១៣ ខែតុលា ប្រតិបត្តិការរុករកនិងជួយសង្រ្គោះ កំពុងតែបន្តប្រព្រឹត្តទៅនៅក្នុងប្រទេសម៉ិកស៉ិក ក្រោយការវាយប្រហារនៃគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយ ដែលបានឆក់យកជីវិតមនុស្សកើនដល់យ៉ាងហោច៦៤នាក់ នៅតំបន់ភាគកណ្តាលនិងភាគខាងកើតប្រទេស ហើយ៦៥នាក់ផ្សេងទៀត ត្រូវបានរាយការណ៍បាត់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP។

កាលពីសប្តាហ៍មុន ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាច្រើនថ្ងៃជាប់គ្នា បានវាយប្រហារលើរដ្ឋមួយចំនួនរបស់ម៉ិកស៉ិក ដោយបានប្រែក្លាយ​ផ្លូវថ្នល់ទៅប្រៀបដូចជាទន្លេ ហើយបង្កជាបំណាក់ដី និងកាត់ផ្តាច់កំណត់ផ្លូវព្រមទាំងស្ពាន។ មកទល់ថ្ងៃចន្ទនេះ ក្រុមសង្រ្គោះ នៅតែមិនទាន់អាចចូលទៅដល់សហគមន៍តូចៗជាច្រើន ដោយប្រើផ្លូវថ្នល់ នៅឡើយទេ។

គួរបញ្ជាក់ថា ប្រទេសម៉ិកស៉ិក ហាក់បានទទួលរងការធ្លាក់ភ្លៀងខ្លាំងខុសពីធម្មតា នៅក្នុងឆ្នាំនេះ ដោយនៅរដ្ឋធានីម៉ិកស៉ីកូ គឺទឹកភ្លៀងដែលធ្លាក់ បានឈានដល់កម្រិតបំបែកកំណត់ត្រា។ រដ្ឋដែលរងគ្រោះខ្លាំងជាងគេបំផុត រួមមាន Veracruz, Hidalgo និង Puebla។ ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum កាលពីថ្ងៃចន្ទ បាននិយាយថា កងទ័ពប្រហែល ១០ ០០០នាក់ ត្រូវបានដាក់ពង្រាយ ដោយប្រើប្រាស់ទូក យន្តហោះ និងឧទ្ធម្ភាគចក្រ ក្នុងប្រតិបត្តិការជួយសង្រ្គោះ និងនាំយក​ស្បៀងអាហារ ទឹក រួមជាមួយសម្ភារចាំបាច់ដទៃទៀត សម្រាប់ប្រជាជនដែលជាប់ខ្លួន៕