Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិក ឈរនៅជាមួយសម្ព័ន្ធមិត្តហ្វីលីពីន ក្រោយចិនព្រមានជុំវិញការប៉ះទង្គិចគ្នានៅសមុទ្រចិនខាងត្បូង (Video inside)

14-10-2025 09:31

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី១៣ ខែតុលា (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាខ្លួនឈរនៅជាមួយសម្ព័ន្ធរបស់ខ្លួន គឺហ្វីលីពីន និងបានបញ្ជាក់ឡើងវិញពី សន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងប្រទេសទាំង២ បន្ទាប់ពីនាវាចិន និងទូកហ្វីលីពីនប៉ះទង្គិចគ្នាចំពេលភាពតានតឹងកំពុងកើនឡើងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃចន្ទ ក្រសួងការបរទេសចិនបានព្រមានកុំឱ្យហ្វីលីពីន ប្រឈមមុខនឹងកិច្ចប្រឹងប្រែងរបស់ទីក្រុងប៉េកាំងដើម្បីការពារអធិបតេយ្យទឹកដី និងសិទ្ធិសមុទ្រ ព្រមទាំង ផលប្រយោជន៍របស់ខ្លួន ក្រោយនាវាឆ្មាំសមុទ្រចិន និងទូកមួយគ្រឿងរបស់ហ្វីលីពីនបានប៉ះទង្គិចគ្នានៅឯទីប្រជុំកោះ Spratly។ ឆ្លើយតបទៅនឹងភាពតានតឹងរវាងចិន និងហ្វីលីពីន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បានថ្កោលទោសនូវអ្វីដែលលោកហៅថាសកម្មភាពបើកនាវាបំបុក និងប្រើប្រាស់កាណុងបាញ់ទឹកពីសំណាក់ ឆ្មាំសមុទ្រចិនលើទូកហ្វីលីពីនមួយគ្រឿង ហើយនិយាយថាទីក្រុងវ៉ាស៊ីនតោនឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Pigott បានគូសបញ្ជាក់ឡើងវិញថា មាត្រា ៤ នៃសន្ធិសញ្ញាការពារគ្នាឆ្នាំ១៩៥១ រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ក៏គ្របដណ្ដប់ផងដែរ លើការវាយប្រហារប្រដាប់អាវុធលើកងកម្លាំង ជលយាន ឬយន្ដហោះ ក្នុងនោះរួមមានទាំងជលយានរបស់ឆ្មាំសមុទ្រហ្វីលីពីន នៅគ្រប់ទីកន្លែងក្នុងតំបន់សមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងចិន និងហ្វីលីពីននៅឯតំបន់សមុទ្រចិនខាងត្បូង បានបង្កឱ្យមានភាពតានតឹងជាថ្មី ដោយប្រទេសទាំង២ បានចោទប្រកាន់ និងទម្លាក់កំហុសដាក់ គ្នាទៅវិញទៅមកចំពោះការប្រឈមមុខដាក់គ្នានៅក្បែរតំបន់ថ្មប៉ប្រះទឹក Sandy Cay នៃទីប្រជុំកោះ Spratly កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ៕