កូរ៉េខាងជេីង ព្រមានពីផលវិបាក ជុំវិញផែនការធ្វេីសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន
14-09-2025 13:46
(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA រាយការណ៍ថា អ្នកនាង Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានព្រមានថា សមយុទ្ធយោធារួមគ្នារបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន អាចនាំមកនូវផលវិបាកសម្រាប់ខ្លួនពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ ២០២៥។
យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំដែលគេឱ្យឈ្មោះថា Freedom Edge នៅថ្ងៃទី១៥ ខែកញ្ញា ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រតិបត្តិការតាមផ្លូវអាកាស កងទ័ពជើងទឹក សមត្ថភាពអ៉ីនធឺណេត ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ តាម KCNA អ្នកនាង Kim Yo Jong គូសបញ្ជាក់ថា «នេះបានរំឮកយើងថា ការសម្ញែងអំណាចយោធាដោយអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង គឺខុសកន្លែងហេីយ ពោលគឺនៅជុំវិញសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នឹងអាចនាំមកនូវតែផលវិបាកអវិជ្ជមានសម្រាប់ខ្លួនពួកគេ»។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏មានគម្រោងធ្វើសមយុទ្ធ Iron Mace នៅសប្តាហ៍ក្រោយផងដែរ ស្តីពីការរួមបញ្ចូលគ្នានូវសមត្ថភាពយោធាធម្មតា និងនុយក្លេអ៊ែររបស់ពួកគេ ប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។ មន្ត្រីជាន់ខ្ពស់មួយរូបរបស់កូរ៉េខាងជើង លោក Pak Jong Chon បានបញ្ជូនដាច់ដោយឡែកមួយតាមរយៈ KCNA ថា «ប្រសិនបើកងកម្លាំងអរិភាព បន្តអួតអំពីអំណាចពួកគេ តាមរយៈសមយុទ្ធរួមគ្នាទាំងនោះ កូរ៉េខាងជើងនឹងចាត់វិធានការកាន់តែជាក់លាក់ និងខ្លាំងក្លា»។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង តែងតែរិះគន់សមយុទ្ធរួមគ្នារបៀបនេះថាជាការហាត់សមឈ្លានពាន ហើយក្នុងករណីខ្លះបានឆ្លើយតបដោយការធ្វេីតេស្តអាវុធ ប៉ុន្តែទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោននិយាយថា វាគឺជាការការពារខ្លួនសុទ្ធសាធ៕

