FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហុងកុង បិទសាលារៀន និងហាងទំនិញ ប្រឈមនឹងព្យុះ Tapah (Video inside)

08-09-2025 09:18

(ហុងកុង)៖ អាជ្ញាធរក្នុងទីក្រុងហុងកុងបានបិទសាលារៀន និងហាងទំនិញជាច្រើនជាបណ្ដោះអាសន្ននៅថ្ងៃចន្ទ ទី៨ ខែកញ្ញា ខណៈព្យុះត្រូពិក Tapah ដែលបាក់បោកក្នុងល្បឿនខ្យល់ ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង បាននាំមកជាមួយភ្លៀងធ្លាក់ខ្លាំងបង្ខំឱ្យជើងហោះហើរជាច្រើនត្រូវពន្យារពេល ឬលុបចោល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ការខូចខាតមានទំហំតូច ហើយនៅតាមដងផ្លូវមានសភាពស្ងប់ស្ងាត់ និងមិនមានសេចក្ដីរាយការពីគ្រោះរអិលបាក់ដី ឬទឹកជំនន់ទ្រង់ទ្រាយធំឡើយ។ ចំណែក ផ្នែកដឹកជញ្ជូន រួមមានកប៉ាល់ រថយន្ដក្រុង និងរថភ្លើងមួយចំនួនត្រូវបានផ្អាកសកម្មភាព។ ព្រមពេលជាមួយគ្នា អាជ្ញាធរហុងកុង បានប្រកាសអាសន្នពីព្យុះទីហ្វុងកម្រិតទី៨ ដែលជាការប្រកាសអាសន្នកម្រិតខ្ពស់ លំដាប់ទី៣ ហើយការព្រមាននេះនឹងបន្តអនុវត្តរហូតដល់យ៉ាងហោចម៉ោង ១១ព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅហុងកុង)។

គួរបញ្ជាក់ថា ព្យុះ Tapah បានបក់បោកលើតំបន់ Taishan នៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន កាលពីម៉ោង ៨៖៥០នាទីព្រឹក (ម៉ោងក្នុងតំបន់) ហើយព្យុះនេះត្រូវបានរំពឹងថា នឹងរំកិលចេញពីឆ្ងាយពីទីក្រុងហុងកុងបន្តិចម្ដងៗ។ ដោយឡែក នៅឯទីក្រុង Shenzhen ដែលស្ថិតនៅក្បែរទីក្រុងហុងកុង សាលារៀនក៏ត្រូវបានបិទទ្វារបណ្ដោះអាសន្នផងដែរ៕