FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីថៃ៥នាក់ហើយត្រូវបានដកតំណែង ដែលសុទ្ធសឹងជាមនុស្សជំនិតរបស់លោក ថាក់ស៊ីន ចាប់តាំងពីឆ្នាំ២០០៨មក (Video inside)

01-09-2025 17:07

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃទាំងអស់ដែលត្រូវប្រឈមមុខនឹងតុលាការធម្មនុញ្ញ លើកលែងតែលោក ប្រាយុទ្ធ ចាន់អូចា សុទ្ធតែត្រូវបានដកតំណែង។ ចាប់តាំងពីឆ្នាំ២០០៨មក មាននាយករដ្ឋមន្ត្រី៥នាក់ត្រូវបានដកតំណែង ហើយពួកគេសុទ្ធសឹងតែមានទំនាក់ទំនងជាមួយលោក Thaksin និងគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ។

ក្នុងឆ្នាំ២០០៨ សម្ព័ន្ធមិត្តរបស់លោក Thaksin គឺលោក Samak Sundaravej ត្រូវបានដកតំណែង ក្រោយតុលាការធម្មនុញ្ញថៃ ចេញសាលក្រមសម្រេចថា រូបលោកបានបំពានរដ្ឋធម្មនុញ្ញដោយបន្តចូលរួមក្នុងកម្មវិធីចំអិនម្ហូបតាមកញ្ចក់ទូរទស្សន៍ និងទទួលបានប្រាក់កម្រៃបន្តិចបន្តួច ខណៈកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី។

ប៉ុន្មានខែក្រោយមកទៀត តុលាការនេះបានដកតំណែងនាយករដ្ឋមន្ត្រី លោក Somchai Wongsawat ដែលឡើងកាន់តំណែងជំនួសលោក Samak និងបានរំលាយគណបក្សរបស់លោក Somchai ពាក់ព័ន្ធនឹង ការក្លែងបន្លំសន្លឹកឆ្នោត។

នៅឆ្នាំ២០១៤ ប្អូនស្រីរបស់លោក Thaksin គឺលោកស្រី Yingluck Shinawatra ត្រូវបានដកតំណែងក្រោមបទចោទប្រកាន់រំលោភអំណាច។ តុលាការធម្មនុញ្ញបានរកឃើញថាលោកស្រីមានពិរុទ្ធភាព ក្នុងការផ្ទេរប្រធានក្រុមប្រឹក្សាសន្តិសុខជាតិដោយខុសច្បាប់ ឱ្យទៅកាន់តំណែងជាទីប្រឹក្សានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០១១។ សាលក្រមនេះកើតមានឡើងមុននឹងមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រីចេញពីអំណាច។

ដោយឡែក កាលពីឆ្នាំ២០២៤ លោក Srettha Thavisin ត្រូវបានតុលាការធម្មនុញ្ញដកតំណែងពីបទបទបំពានក្រមសីលធម៌ បន្ទាប់ពីតុលាការរកឃើញថា រូបលោកបានបំពានរដ្ខធម្មនុញ្ញដោយការតែងតាំងរដ្ឋមន្ត្រីម្នាក់ ដែលធ្លាប់មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ។ នៅថ្ងៃសុក្រ ទី២៩ ខែសីហា គឺដល់វេនលោកស្រី Paetongtarn ដែលត្រូវបានតុលាការធម្មនុញ្ញដកតំណែង ក្នុងសំឡេងគាំទ្រ ៦ទល់នឹង៣សំឡេងជំទាស់ ក្នុងចំណោមចៅក្រមទាំង៩រូប នៃតុលាការធម្មនុញ្ញ ពីបទបំពានក្រមសីលធម៌៕