FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាកាសធាតុក្តៅខ្លាំងនាំឲ្យមានការបិទសាលារៀន នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា (Video inside)

18-04-2023 17:41

(ញូដេលី)៖ អាជ្ញាធរនៅតំបន់ខ្លះនៃប្រទេសឥណ្ឌា បានណែនាំឲ្យបិទសាលារៀនជាបណ្តោះអាសន្ន បន្ទាប់ពីសីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេ។ នេះបើយោងតាមការចុញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។

បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលតំបន់ យ៉ាងហោចណាស់រដ្ឋចំនួនពីរគឺ ទ្រីពូរ៉ា (Tripura) នៅភាគឦសាន និងរដ្ឋវែសប៊ែងហ្កាល់ (West Bengal) នៅភាគខាងកើត បានចេញបទបញ្ជាឲ្យបិទសាលារៀននៅសប្តាហ៍នេះ ដោយសារសីតុណ្ហភាពកើនឡើង ៥អង្សាសេ លើសពីកម្រិតធម្មតា។

ការិយាល័យអាកាសធាតុ បានឲ្យដឹងថា ទីក្រុងកូលកាតា (Kolkata) ដែលជារដ្ឋធានីនៃរដ្ឋ West Bengal មានសីតុណ្ហភាព ៤០អង្សាសេ នៅថ្ងៃទី១៣ ខែមេសា និង ៤១អង្សាសេ នៅថ្ងៃទី១៤ ខែមេសា ដែលកើនឡើងលើសពី៥អង្សាសេ ខ្ពស់ជាងកម្រិតធម្មតា កំលុងពេលវេលាដូចគ្នានេះប្រចាំឆ្នាំ។ តាមការព្យាករ ឥណ្ឌាទំនងជាជួបប្រទះនឹងរលកកំដៅនៅចន្លោះខែមីនា និងខែឧសភា។

គួរបញ្ជាក់ថា សីតុណ្ហភាពអតិបរមាជាមធ្យម ក្នុងខែកុម្ភៈនៅទូទាំងប្រទេសឥណ្ឌាគឺ ជិត៣០អង្សា ជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩០១។ ក្រុមអ្នកវិទ្យាសាស្ត្រ បានភ្ជាប់ការចាប់ផ្តើមកើនឡើងកម្តៅនៃរដូវក្តៅខ្លាំងនេះ ទៅនឹងកត្តាប្រែប្រួលអាកាសធាតុ ហើយនិយាយថាមនុស្សជាង ១ពាន់លាននាក់នៅក្នុងប្រទេសឥណ្ឌា និងប្រទេសជិតខាងគឺប៉ាគីស្ថាន ងាយរងគ្រោះដោយសារកំដៅខ្លាំង៕