FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក នៅតែបន្តការណែនាំឲ្យពាក់ម៉ាសក្នុងសាលារៀន ទោះបីជាសិស្ស និងគ្រូបង្រៀនបានចាក់វ៉ាក់សាំងរួចក្តី

10-07-2021 16:41

(ឡូសអាន់ជែឡែស)៖ នាយកដ្ឋានសុខាភិបាលសាធារណៈ (CDPH) នៃរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា រដ្ឋដែលមានប្រជាជនច្រើនបំផុត នៅសហរដ្ឋអាមេរិកមួយនេះ នឹងបន្តទាមទារឱ្យអនុវត្តវិធានការពាក់ម៉ាស នៅតាមសាលារៀន នៅក្នុងវគ្គសិក្សាថ្មីនាពេលខាងមុខនេះដដែល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។

ជាន់ខ្ពស់ផ្នែកសុខាភិបាលនៃរដ្ឋកាលីហ្វ័រញ៉ា លោកវេជ្ជបណ្ឌិត ម៉ាក ហ្គាលី (Mark Ghaly) បានគូសបញ្ជាក់នៅថ្ងៃសុក្រសប្ដាហ៍នេះថា ការពាក់ម៉ាសគឺជាមធ្យោបាយដ៏ជោគជ័យបំផុត ដើម្បីការពារសុខភាពសិស្សានុសិស្សទាំងអស់ និងធ្វើឱ្យពួកគេត្រលប់ទៅរៀនសូត្រ នៅសាលារៀនវិញដោយសុវត្ថិភាព ចាប់តាំងពីសាលារៀនភាគច្រើននៅរដ្ឋនេះ មិនមានសមត្ថភាពក្នុងការរក្សាគម្លាតយ៉ាងតិច ១ម៉ែត្រ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺ COVID-19 ទៅតាមការស្នើសុំរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)។

លោក Mark Ghaly បានគូសបញ្ជាក់បន្ថែមថា «នៅកន្លែងដែលយើងមិនមានសមត្ថភាពក្នុងការរក្សាគម្លាត... ការពាក់ម៉ាសគឺមធ្យោបាយដ៏ល្អប្រសើរបំផុត ក្នុងការកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ COVID-19... ដូច្នេះយើងនឹងចាប់ផ្តើមវគ្គសិក្សាថ្មីរបស់យើង ជាមួយក្មេងៗដែលពាក់ម៉ាស ជាមួយការត្រឡប់មករៀនសូត្រនៅសាលារៀនវិញ ដោយសុវត្ថិភាព ១០០ភាគរយ»

គួរបញ្ជាក់ថា CDPH បានប្រកាសសេចក្ដីសម្រេចចិត្តខាងលើនេះប៉ុន្មានម៉ោង បន្ទាប់ពី CDC បានចេញសេចក្តីណែនាំថ្មីមួយថា គ្រូបង្រៀន និងសិស្សានុសិស្សដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ មិនចាំបាច់តម្រូវឱ្យពាក់ម៉ាស់ នៅខាងក្នុងអគារសាលារៀននោះទេ។ CDPH ក៏បាននិងកំពុងពិនិត្យឡើងវិញនូវការណែនាំរបស់ CDC យ៉ាងប្រុងប្រយ័ត្ន ហើយគ្រោងនឹងចេញសេចក្តីណែនាំ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះផងដែរ៕