តើលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីទី៣២របស់ថៃជានរណា? (Video inside)
05-09-2025 21:00
(បាងកក)៖ រដ្ឋសភាថៃ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា បានបោះឆ្នោតជ្រើសតាំងមេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ ជំនួសលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែងកាលពីសប្ដាហ៍មុន។ តាមរយៈលទ្ធផលបោះឆ្នោតនៅរដ្ឋសភាថៃ នៅថ្ងៃសុក្រនេះ លោក Anutin ទទួលបានសំឡេងគាំទ្រលើសពី ២៤៧ ដែលជាសំឡេងភាគច្រើនដើម្បីជាប់ជានាយករដ្ឋមន្ត្រី ពោលគឺលោកទទួលបានសំឡេងគាំទ្រ ៣១១ ខណៈគូប្រជែងរបស់លោកមកពីគណបក្សភឿថៃ គឺលោក Chaikasem Nitisiri ទទួលបានសំឡេងគាំទ្រ ១៥២សំឡេងក្នុងចំណោមសមាជិករដ្ឋសភាសរុប ៤៨៩រូបដែលមានវត្តមានក្នុងការបោះឆ្នោត។ ចំណែកសមាជិករដ្ឋសភា ២៧នាក់ បានអនុបវាទ។
* សំលៀងដាវរាប់ឆ្នាំ
លោក Anutin មានអាយុ ៥៨ឆ្នាំ កើតនៅក្នុងទីក្រុងបាងកក បានប្រឡូកចូលនយោបាយក្នុងឆ្នាំ១៩៩៦ ខណៈរូបលោកនៅតែបន្តគ្រប់គ្រងក្រុមហ៊ុនគ្រួសាររបស់លោក គឺ Sino-Thai Engineering & Construction ដែលជាក្រុមហ៊ុនសំណង់ធំលំដាប់ទី២ នៅក្នុងប្រទេសថៃ។ លោកជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Chavarat Charnvirakul ព្រមទាំងមានសញ្ញាប័ត្រខាងវិស្វកម្ម មកពីសាកលវិទ្យាល័យ Hofstra ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោក Anutin ធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីមហាផ្ទៃ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោក Anutin បានសំលៀងដាវ និងរង់ចាំអស់រាប់ឆ្នាំ ដោយផ្ដើមពីការធ្វើជាមន្ត្រីក្នុងជួរគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលទាំងក្រោមការដឹកនាំរបស់លោក Thaksin Shinawatra និងលោក Prayuth Chan-Ocha។ លោក Anutin បានក្លាយជាមេដឹកនាំគណបក្សភូមិចៃថៃ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១២ ហើយបានកសាងកេរ្តិ៍ឈ្មោះនៅក្នុងគណបក្សនេះ ជាពិសេសបន្ទាប់ពីលោកទទួលបានជោគជ័យ ក្នុងការធ្វើយុទ្ធនាការបង្កើតច្បាប់អនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាដំបូងគេនៅក្នុងតំបន់អាស៊ីកាលពីឆ្នាំ២០២២។
អស់រយៈពេលជិតមួយទសវត្សរ៍មកនេះ លោក Anutin បានក្លាយជាមនុស្សម្នាក់ដ៏មានឥទ្ធិពលដែលអាចសម្រេចចិត្តថាតើនរណាគួរតែដឹកនាំរដ្ឋាភិបាលចម្រុះ។ ជាឧទាហរណ៍ ក្រោយការបោះឆ្នោតឆ្នាំ២០១៩ គណបក្សភូមិចៃថៃដែលជាគណបក្សធំលំដាប់ទី៣នៅពេលនោះ បានគាំទ្រលោក Prayuth ឱ្យធ្វើជានាយករដ្ឋមន្ត្រី ដោយរារាំងមិនឱ្យគណបក្សភឿថៃឡើងកាន់អំណាច។ នៅឆ្នាំ២០២៣ លោក Anutin បានបដិសេធគាំទ្រលោក Pita Limjaroenrat អតីតមេដឹកនាំគណបក្ស Move Forward ដែលសព្វថ្ងៃប្ដូរឈ្មោះមកជាគណបក្សប្រជាជនថៃ ជានាយករដ្ឋមន្ត្រី ដោយសារតែលោក Pita ចង់ធ្វើកំណែទម្រង់ច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ។ លោក Anutin សុខចិត្តបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សភឿថៃ ដែលបានត្រួសត្រាយផ្លូវឱ្យលោក Thaksin ត្រឡប់ចូលស្រុកវិញកាលពី ឆ្នាំ២០២៣។ ក៏ប៉ុន្តែ លោកបានសម្រេចចិត្តដកគណបក្សភូមិចៃថៃចេញពីក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ។
លោក Anutin ក៏មានទំនាក់ទំនងជាមួយគ្រួសាររាជវង្សថៃផងដែរ។ តាមឯកសារមួយរបស់ស្ថានទូតអាមេរិកចេញផ្សាយដោយគេហទំព័រ WikiLeaks លោក Anutin ត្រូវបានគេជឿថាជាមនុស្សម្នាក់មាន ទំនាក់ទំនងជិតស្និទ្ធជាមួយរជ្ជទាយាទព្រះអង្គម្ចាស់ Vajiralongkorn ដែលសព្វថ្ងៃជាព្រះមហាក្សត្រថៃ រហូតដល់មានអ្នកខ្លះអះអាងថាព្រះមហាក្សត្រថៃផ្ដល់ទំនុកចិត្តលើលោក Anutin ខ្លាំងជាងមេដឹកនាំ មួយចំនួនមកពីគណបក្សគាំទ្រដោយយោធាថៃទៅទៀតផង។
* អ្នកនយោបាយមានចិត្តរេដូចចុងស្រល់
ដោយមានរហ័ស្សនាមថា Noo ឬមានន័យជាភាសាថៃថា «សត្វកណ្ដុរ» លោក Anutin ចូលចិត្តបង្ហាញថារូបលោកជាមនុស្សចេះដាក់ខ្លួន និងចូលចិត្តហូបអាហារតាមផ្លូវទោះបីជាលោកមានទ្រព្យសម្បត្តិ វ៉ល់លានក៏ដោយ។
តាមពិតទៅ លោក Anutin ក៏ធ្លាប់មានមុខតំណែងនៅក្នុងគណបក្ស Thai Rak Thai និងត្រូវបានតុលាការធម្មនុញ្ញហាមធ្វើនយោបាយរយៈពេល៥ឆ្នាំ នៅពេលដែលគណបក្សរបស់លោក Thaksin មួយនេះត្រូវបានរំលាយចោលកាលពីឆ្នាំ២០០៦។ ក្រោយត្រូវបានហាមមិនឱ្យធ្វើនយោបាយ លោក Anutin បានចំណាយពេលវេលាទំនេររបស់លោកទៅរៀនបើកយន្ដហោះ ហើយលោកមានជំនាញលេងឧបករណ៍តន្ត្រីសាក់សូហ្វូនដែរ។ លោកបានត្រឡប់ចូលឆាកនយោបាយវិញ ដោយក្លាយជាមេដឹកនាំគណបក្សភូមិចៃថៃដែលទទួលបានចំណាត់ថ្នាក់ទី៣ ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣ ដែលជាកំណត់ត្រាល្អបំផុតមួយរបស់បក្ស។ លោក Anutin ជាអ្នកនយោបាយម្នាក់មានចិត្តរេដូចចុងស្រល់ ដោយរូបលោកធ្លាប់កាន់តំណែងក្នុងរដ្ឋាភិបាលចម្រុះជាច្រើនរបស់ថៃ ក្នុងនោះរួមមានតំណែងជាឧបនាយករដ្ឋមន្ត្រីក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីចំនួន៣រូប។ លោក Anutin ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាកូវីដ១៩ ក្នុងពេលកាន់តំណែងជារដ្ឋមន្ត្រីសុខាភិបាលនៅក្រោមរដ្ឋាភិបាលដឹកនាំដោយយោធា។
គួរបញ្ជាក់ថា ក្នុងថ្ងៃខួបកំណើតរបស់លោកកាលពីឆ្នាំ២០២២ លោកបាននិយាយលេងសើចថាបំណងប្រាថ្នា របស់លោកគឺចង់ក្លាយជានាយករដ្ឋមន្ត្រី។ ឥលូវក្ដីស្រមៃនេះបានក្លាយជាការពិត៕







