ក្លិបព្រះខ័នរាជ របស់កម្ពុជា បំបាក់ក្រុមថៃ Port ៤-១ នៃពានរង្វាន់ ASEAN Club Championship 2026/27
19-11-2026 21:40
(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយជាខ្លាំង ក្រោយបំបាក់ក្រុម Port FC របស់ថៃ ដោយលទ្ធផល ៤-១ ក្នុងពានរង្វាន់ក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៦/២៧ ពូល B នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
ក្នុងជំនួបដ៏ទាក់ទាញនេះ ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អ ដោយរកបាន ៤គ្រាប់មុនជាបន្ដបន្ទាប់ពីកីឡាករ មិន រតនៈ នៅនាទី១៤, កីឡាករ Martins Juior នៅនាទី៤៣, កីឡាករ Tiago Alves នៅនាទី៦៩ និងកីឡាករ Peprah Kwame ស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទី៧៧ មុនកីឡាករ Issam Abdallah Saif Al Sabhi របស់ក្រុមភ្ញៀវរកបាន ១គ្រាប់នៅចុងម៉ោង។
ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ ១៥,៥៦៥នាក់ ជ័យជម្នះនេះមិនត្រឹមជួយឲ្យព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ពិន្ទុដំបូង ដើម្បីបន្ដឱកាសប្រជែងកៅអីវគ្គបន្ដ តែក៏ជាការលើកមុខមាត់ក្លិប ក៏ដូចជាវិស័យកីឡាបាល់ទាត់កម្ពុជា ក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ ហើយកាន់តែធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយ និងមានមោទនភាពខ្លាំង ដែលក្រុមរបស់កម្ពុជា អាចយកឈ្នះក្រុមថៃច្រើនគ្រាប់បែបនេះ។
គួរដឹងថា នេះគឺជាការប្រកួតទី២ ក្នុងពូល B ខណៈប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅវៀតណាម ដើម្បីជួបក្រុម Cong An Ha Noi នាថ្ងៃទី១០ ខែធ្នូខាងមុខ មុនត្រឡប់មកបើកទ្វារផ្ទះទទួលក្រុម Lion City Sailors របស់សិង្ហបុរី នាថ្ងៃទី១៧ ខែធ្នូ និងបន្ដជួបក្រុមភ្ញៀវ Persib របស់ឥណ្ឌូនេស៊ី នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៧ មុនជំនួបបញ្ចប់ពូល ទល់ក្រុមម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៧ ខាងមុខ៕


