Elon Musk ប្តេជ្ញាបង្កើនផលិតកម្មរថយន្ត Tesla នៅចិន ខណៈរោងចក្រសៀងហៃប្រគល់រថយន្តជាង ៨១០,០០០ គ្រឿងក្នុងរយៈពេល ១០ខែ
19-11-2026 16:55
(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្តេជ្ញាថា ក្រុមហ៊ុននឹងបន្តបង្កើនផលិតកម្មរថយន្តនៅរោងចក្ររបស់ខ្លួនក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ ការប្តេជ្ញានេះត្រូវបានលើកឡើងក្នុងជំនួបជាមួយលោក Ren Hongbin ប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយដកស្រង់ពីគណនីបណ្ដាញសង្គម Yuyuan Tantian ដែលមានទំនាក់ទំនងជាមួយទូរទស្សន៍រដ្ឋចិន CCTV។
ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៦ រោងចក្រ Tesla នៅទីក្រុងសៀងហៃបានប្រគល់រថយន្ត Model 3 និង Model Y សរុបចំនួន ៨១០,៨៨៩ គ្រឿង កើនឡើង ២១.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ន រោងចក្រនេះមានសមត្ថភាពផលិតរថយន្តលើសពី ៩៥០,០០០ គ្រឿងក្នុងមួយឆ្នាំ។
គួរឱ្យកត់សម្គាល់ថា រោងចក្រនេះទទួលបានគ្រឿងបន្លាស់ប្រមាណ ៩៨% ពីអ្នកផ្គត់ផ្គង់ក្នុងប្រទេសចិន។ ក្រៅពីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក រោងចក្រសៀងហៃក៏ជាមូលដ្ឋានផលិតកម្ម និងនាំចេញដ៏សំខាន់របស់ Tesla ដោយនាំរថយន្តទៅកាន់ទីផ្សារអឺរ៉ុប កូរ៉េខាងត្បូង និងអូស្ត្រាលីផងដែរ៕








