កម្ពុជា ត្រៀមខ្លួនរួចរាល់ដើម្បីស្វាគមន៍អត្តពលិក ១៤ប្រទេសចូលរួមប្រកួតវ៉ូវីណាមជើងឯកអាស៊ី លើកទី៦ នាសប្ដាហ៍ក្រោយ
19-11-2026 16:13
(ភ្នំពេញ)៖ កម្ពុជា បានត្រៀមខ្លួនរួចរាល់ជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ (6th Asian Vovinam Championships) ឆ្នាំ២០២៦ ខណប្រតិភូកីឡា ១៤ប្រទេសនឹងចូលរួមការប្រកួតប្រចាំទ្វីបនេះ ចាប់ពីថ្ងៃទី២៤-៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។
នេះបើយោងតាមកិច្ចប្រជុំត្រួតពិនិត្យ និងផ្ដល់នូវរបាយការណ៍វឌ្ឍនភាពការងារ ស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍ប្រចាំទ្វីបដ៏ធំខាងលើ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ នៅសាលប្រជុំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដឹកនាំដោយលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានទទួលបន្ទុករួម ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំដ៏សំខាន់នេះ ធ្វើឡើងក្នុងគោលបំណងរំឮកឡើងវិញនូវផែនការសកម្មភាព ការបែងចែកតួនាទីភារកិច្ច និងការដោះស្រាយរាល់ក្ដីកង្វល់នានារបស់គណៈកម្មការ និងអនុគណៈកម្មការជំនាញនីមួយៗ។ ជាលទ្ធផល កិច្ចប្រជុំទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ ដោយរាល់បញ្ហាប្រឈម និងចម្ងល់របស់អនុគណៈកម្មការទាំងអស់ត្រូវបានដោះស្រាយរួចរាល់ ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់លាស់ពីដែនសមត្ថកិច្ច និងការទទួលខុសត្រូវរៀងៗខ្លួន។
ថ្លែងក្នុងឱកាសនោះលោក អ៊ូ រតនា បានបង្ហាញនូវក្តីរំពឹង និងជំនឿចិត្តយ៉ាងមុតមាំ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្នែកបដិសណ្ឋារកិច្ច ហើយសង្ឃឹមថា ការទទួលស្វាគមន៍ប្រតិភូ និងអត្តពលិកអន្តរជាតិ នឹងទទួលបានការកោតសរសើរ និងភាពកក់ក្ដៅខ្ពស់ពីភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសក្នុងពិធីបើកការប្រកួតផ្លូវការ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
តាមការបញ្ជាក់របស់គណៈកម្មការទទួលបន្ទុ សម្រាប់ពិធីបើកការប្រកួតផ្លូវការ ក្រៅពីកីឡា ក៏នឹងមានការរៀបចំទស្សនីភាពសិល្បៈដ៏សម្បូរបែប ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងអត្តសញ្ញាណវប្បធម៌ អរិយធម៌ដ៏ផូរផង់ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សព្វផ្សាយ និងបង្ហាញពីសក្ដានុពលជាតិទៅកាន់ប្រតិភូអន្តរជាតិ និងពិភពលោកឱ្យបានស្គាល់កាន់តែច្បាស់ផងដែរ៕







