FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រូព្រះខ័នរាជថា ប៉ះ Port FC ស្អែកពិតជាសំខាន់ ក្នុងនាមក្លិបតំណាងជាតិ និងប្រជាជនកម្ពុជា

18-11-2026 20:57

(ភ្នំពេញ)៖ លោក Matthew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានបង្ហាញពីភាពម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត ក្នុងជំនួបទល់ក្រុម Port FC របស់ថៃ ក្នុងពានរង្វាន់ក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៦/២៧ នាយប់ថ្ងៃទី១៩ ខែវិច្ឆិកាស្អែក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយលោកបានសង្កត់ធ្ងន់ថា ជំនួបនេះមិនមែនត្រឹមតែជាការប្រកួតរបស់ក្លិបប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងនាមជាក្លិបតំណាងកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅល្ងាចថ្ងៃពុធនេះ លោកបានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ទាំងស្មារតីក្រុម ក៏ដូចជាការវិភាគលើទម្រង់លេងរបស់គូប្រកួត ដោយលោកចាត់ទុក Port ជាក្រុមខ្លាំងមួយ ដែលមានជម្រើសកីឡាករក្នុងដៃជាច្រើនសម្រាប់ការផ្លាស់ប្ដូរ។ តែក្រោយមានពេលសម្រាកគ្រប់គ្រាន់ និងហ្វឹកហាត់ពេញ ៤ថ្ងៃចុងក្រោយ លោកសង្ឃឹមថា កូនក្រុមនឹងអាចគ្រប់គ្រងស្ថានការណ៍លើទីលានបានល្អ និងទទួលបានលទ្ធផលល្អពីការប្រកួត ទោះបីលទ្ធផលក្នុងជំនួបដ៏សំខាន់នេះ នៅមិនទាន់អាចកំណត់ក្រុមឡើងវគ្គបន្ដក្ដី។

បន្ថែមលើនេះ លោក McConkey បានគូសរំលេចថា «បើនិយាយពីកម្រិតបាល់ទាត់ជាមួយប្រទេសមួយទៀត (ថៃ) គឺវាមានភាពខុសគ្នារាងខ្លាំងដែរ តែបើយើងនិយាយពីការប្រកួតប៉ុន្មានឆ្នាំកន្លងមកនេះ ពិសេសការប្រកួតជាមួយ BG ក៏ដូចជាការប្រកួតបាងកក កាលពីរដូវកាលមុន យើងបានមើលឃើញពីភាពខុសគ្នាបន្ដិចបន្ដួចទៀត រវាងគុណភាពក្លិបរបស់យើង។ សម្រាប់ការប្រកួតថ្ងៃស្អែក វាគឺជាការប្រកួតដ៏សំខាន់សម្រាប់ក្លិប ក្នុងនាមក្លិបតំណាងកម្ពុជា ប៉ុន្ដែរឹតតែសំខាន់គឺប្រជាជនកម្ពុជា។ ចឹងអ្វីដែលយើងអាចបង្ហាញពីកម្រិតនេះ តាមរយៈការបង្ហាញពីទម្រង់លេងរបស់យើង ធ្វើម៉េចលេងឲ្យបានល្អ និងឈ្នះការប្រកួត»។

ទន្ទឹមជាមួយគ្នា លោក Bozidar Bandovic គ្រូបង្វឹកក្រុម Port FC ក្រៅពីរីករាយក្នុងដំណើរមកប្រទេសកម្ពុជា ជាមួយការស្វាគមន៍ដ៏កក់ក្ដៅ និងបានសរសើរពីការរៀបចំបានល្អនៅពហុកីឡដ្ឋានជាតិមរតកតេជោ លោកថា ការប្រកួតស្អែកនេះ នឹងក្លាយជាជំនួបដ៏តានតឹង ដ្បិតលោកចាត់ទុកព្រះខ័នរាជស្វាយរៀង គឺជាក្រុមល្អ និងអាចបង្កគ្រោះថ្នាក់ ហើយលោកក៏បានត្រៀមយុទ្ធសាស្ដ្រដើម្បីកាត់ផ្ដាច់ចង្វាក់លេង និងស្វែងរកពិន្ទុត្រឡប់ទៅផ្ទះវិញផងដែរ។

គួរដឹងថា នេះគឺជាការប្រកួតទី២ របស់ក្រុមទាំងពីរ បន្ទាប់ពីរងបរាជ័យក្នុងប្រកួតបើកឆាករៀងៗខ្លួន។ នៅក្នុងការប្រកួតពូល B ព្រះខ័នរាជស្វាយរៀង ត្រូវប្រជែងជាមួយ ៦ក្លិបផ្សេងទៀត ដើម្បីស្វែងរកឱកាសឡើងវគ្គបន្ដ ក្នុងនោះគឺមានក្លិប Johor Darul Ta’zim របស់ម៉ាឡេស៊ី, ក្លិប Persib របស់ឥណ្ឌូនេស៊ី, ក្លិប Cong An Ha Noi របស់វៀតណាម, ក្លិប Shan United របស់មីយ៉ាន់ម៉ា, ក្លិប Lion City Sailors របស់សិង្ហបុរី និងក្លិប Port FC របស់ថៃ៕