FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយរងការលួចគ្រីបតូ ៦,៣ ពាន់លានដុល្លារ Binance នៅតែមានមហិច្ឆតាពង្រីកទីផ្សារនៅអាស៊ី ៥ ប្រទេស

18-11-2026 16:23

(បរទេស)៖ ក្រុមហ៊ុន Binance ដែលជាវេទិកាប្តូររូបិយប័ណ្ណគ្រីបតូធំបំផុតលើពិភពលោក គ្រោងពង្រីកអាជីវកម្មទៅកាន់ទីផ្សារចំនួន ៥ នៅអាស៊ីក្នុងឆ្នាំ២០២៧ ដោយផ្តោតលើអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ ផែនការនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំមួយ កាលពីខែមុន ដែលបណ្តាលឱ្យបាត់បង់ទ្រព្យសកម្មគ្រីបតូមានតម្លៃរហូតដល់ ៦,៣ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក SB Seker ប្រធានផ្នែកអាជីវកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ Binance បានឱ្យដឹងថា ក្រុមហ៊ុនកំពុងចរចាជាមួយទីផ្សារចំនួន ៥ ទៅ ៦ កន្លែង ក្នុងនោះ ៣ កន្លែងបានឈានដល់ដំណាក់កាលរីកចម្រើនគួរឱ្យកត់សម្គាល់។ លោករំពឹងថា ព័ត៌មានលម្អិតអំពីផែនការពង្រីកទីផ្សារនឹងត្រូវប្រកាសនៅត្រីមាសទី១ ឆ្នាំក្រោយ។ ចំណែកការវាយប្រហារដែលត្រូវបាន FBI និង Binance ចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងកូរ៉េខាងជើងនោះ ត្រូវបានក្រុមអ្នកជំនាញចាត់ទុកថា ជាការលួចរូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតមិនធ្លាប់មាន បើទោះបីទីក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់ក៏ដោយ។

ក្រោយសងត្រឡប់ទ្រព្យសកម្មដែលបាត់បង់បានប្រមាណ ៩៥% Binance បានចាប់ផ្តើមបើកឱ្យអតិថិជនដកប្រាក់ជាបណ្តើរៗ ហើយមានគោលដៅស្តារសេវាដកប្រាក់សម្រាប់បណ្តាញ និងទ្រព្យសកម្មដែលនៅសេសសល់ទាំងអស់ឡើងវិញនៅត្រឹមចុងសប្តាហ៍នេះ។ លោក Seker បញ្ជាក់ថា ក្នុងរយៈពេល ៣៦ ទៅ ៤៨ ម៉ោងក្រោយការវាយប្រហារ ក្រុមហ៊ុនបានទាក់ទងអាជ្ញាធរនិយ័តកម្មនៅជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ថៃ និងនូវែលសេឡង់ ដើម្បីពន្យល់ពីទំហំផលប៉ះពាល់ និងរបៀបដែលការវាយប្រហារកើតឡើង។

លោក Seker បានបញ្ជាក់ថា ការពិភាក្សាជាមួយអាជ្ញាធរនានាបច្ចុប្បន្នបានពង្រីកពីករណីលួចទ្រព្យសកម្មរបស់ Binance ទៅជាបញ្ហាសន្តិសុខរបស់វិស័យគ្រីបតូទាំងមូល។ លោកមានប្រសាសន៍ថា៖ «ឥឡូវនេះ ការពិភាក្សាបានផ្លាស់ប្តូរទៅជាបញ្ហាថា ការគំរាមកំហែងបែបនេះអាចកើតមានគ្រប់ទីកន្លែង និងប៉ះពាល់ដល់វិស័យទាំងមូល ដូច្នេះតើប្រព័ន្ធអេកូឡូស៊ីទាំងមូលត្រូវត្រៀមខ្លួនដូចម្តេច?»៕