FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនជំនាន់ថ្មី បង្ហាញសមត្ថភាពវិទ្យាសាស្ត្រ លើកកម្ពស់ទំនុកចិត្តទឹកពិសា មានគុណភាព ! ក្រុម Mixgenerations គ្រងតំណែងជ័យលាភីលេខ១ ក្នុងកម្មវិធីយុវជនឆ្នើមវីតាល់

14-11-2026 17:00

(ភ្នំពេញ)៖ ក្រោយឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញ និងបញ្ចេញសមត្ថភាពយ៉ាងជក់ចិត្ត ទីបំផុតកម្មវិធីប្រកួត «យុវជនឆ្នើមវីតាល់» បានរកឃើញម្ចាស់ ជ័យលាភីជាផ្លូវការហើយ ដោយតំណែងជើងឯកលេខ១ បានធ្លាក់ទៅលើក្រុម Mixgenerations ។

វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីនេះ បានប្រារព្ធឡើងយ៉ាងឱឡារិក នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Wyndham Grand Phnom Penh ក្រោមប្រធានបទដ៏មានសារៈសំខាន់ គឺ៖ «តើវិទ្យាសាស្ត្រ បទដ្ឋានអន្តរជាតិ និងនវានុវត្តន៍ អាចកសាងទំនុកចិត្តកាន់តែខ្លាំងលើទឹកដែលយើងប្រើប្រាស់ និងបរិភោគ យ៉ាងដូចម្តេច?»។
​
កម្មវិធីដែលរៀបចំដោយក្រុមហ៊ុន វ័នម៉រ គ្រុប (ទឹកពិសាវីតាល់) បានសម្រិតសម្រាំងបេក្ខជនឆ្នើមចំនួន ២៥រូប ចែកចេញជា ៥ក្រុម ដើម្បីប្រកួតប្រជែងនៅវគ្គចុងក្រោយ ក្រោមការផ្តល់កិត្តិយសវាយតម្លៃ ពីគណៈកម្មការជំនាញជាន់ខ្ពស់ រួមមាន លោក ជ័យ ថាវី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា, លោក ហុង សុវណ្ណ ប្រធានធុរកិច្ច នៃក្រុមហ៊ុនវ័នម៉រ គ្រុប, កញ្ញា ហ៊ុន សារួន អនុប្រធានជាន់ខ្ពស់ ផ្នែកត្រួតពិនិត្យគុណភាព, លោក ឈៀង លីតា អ្នកស្រាវជ្រាវ នៃបណ្ឌិត្យសភានគរបាលកម្ពុជា និងជាសាស្ត្រាចារ្យគីមីវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមជាមួយលោក តាន់ ចន្ទ្រា អនុប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល ។

ថ្លែងក្នុងឱកាសនោះ លោក ហុង សុវណ្ណ ប្រធានធុរកិច្ច នៃក្រុមហ៊ុនវ័នម៉រ គ្រុប (ទឹកពិសាវីតាល់) បានគូសបញ្ជាក់ថា ការទទួលទានទឹកពិសាមានគុណ ភាព គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់សុខភាព និងអនាគតប្រកបដោយនិរន្តរភាព ។ តាមរយៈយុទ្ធនាការ «វិទ្យាសាស្ត្រនៃទឹកសម្រាប់ជីវិត និងអនាគត» (Water Science for Life and Future)
វីតាល់ មានគោលដៅជំរុញ ការគិតបែបវិភាគ និងផ្សារភ្ជាប់ទ្រឹស្តីគីមីវិទ្យា និងរូបវិទ្យារបស់និស្សិតថ្នាក់បរិញ្ញាបត្រ ទៅនឹងការអនុវត្តជាក់ស្តែង ក្នុងជីវិតប្រចាំថ្ងៃ។ លើសពីនេះ យុទ្ធនាការនេះ ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់វីតាល់ ក្នុងការរក្សាគុណភាពទឹកតាមស្តង់ដារអន្តរជាតិ NSF ដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងអឺរ៉ុប ដើម្បីផ្តល់ទំនុកចិត្តខ្ពស់បំផុតដល់អ្នកប្រើប្រាស់ ។

​ចំណែកឯ លោក ជ័យ ថាវី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន វ័នម៉រ គ្រុប ដែលបានបង្កើតវេទិកាដ៏មានតម្លៃនេះឡើង ។ លោកបានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែជួយពង្រឹងសមត្ថភាពស្រាវជ្រាវ ការនិយាយជាសាធារណៈ និងភាពជាអ្នកដឹកនាំ របស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ល្អ នៃកិច្ចសហការរវាងវិស័យឯកជន និងវិស័យអប់រំ ក្នុងការបណ្តុះធនធាន មនុស្សផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍ ឱ្យស្របតាមតម្រូវការអភិវឌ្ឍន៍សង្គមជាតិនាពេលបច្ចុប្បន្ន ។

ជាលទ្ធផលនៃការប្រកួត ជ័យលាភីលេខ១ បានទៅលើក្រុម Mixgenerations ទទួលបានមេដាយម្នាក់មួយ និងថវិកា ២លានរៀល, ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម Bluesphere ទទួលបានមេដាយ និងថវិកា ១លាន ៥សែនរៀល និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Water Warrior ទទួលបានមេដាយ និងថវិកា ១លានរៀល។ ដោយឡែក ក្រុម តំណក់បរិសុទ្ធ និងក្រុម Nextgen Innovation ទទួលបានថវិកាលើកទឹកចិត្តក្នុងមួយក្រុម ២០ម៉ឺនរៀល។
​
បន្ថែមលើរង្វាន់ខាងលើ ក្រុមហ៊ុន វ័នម៉រ គ្រុប ក៏បានឧបត្ថម្ភទឹកពិសាបរិសុទ្ធវីតាល់ ចំនួន ២០កេស ក្នុងម្នាក់ៗ ដល់បេក្ខជនទាំង ២៥រូប ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែង និងការចូលរួមចំណែកផ្សព្វផ្សាយពីសារៈសំខាន់ នៃទឹកស្អាតសម្រាប់សហគមន៍ ៕