មហាផ្ទៃ និងការពារជាតិ ឈ្នះមេដាយមាស ៥គ្រឿងដូចគ្នា ក្នុងប្រកួតកីឡាវ៉ូវីណាម នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៥
13-11-2026 11:01
(ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាម នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ ស្របពេលក្រុមក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ បានឈ្នះមេដាយមាស ៥គ្រឿងដូចគ្នា ក្នុងចំណោម ១២វិញ្ញាសា ដែលសហព័ន្ធបានរៀបចំការប្រកួតឆ្នាំនេះ។
ពិធីបិទការប្រកួតនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នៅអាគារខេមរានី នៃសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ ក្រោយដំណើរប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ដោយមានមន្ដ្រីបច្ចេកទេស ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ១៤៤នាក់មកពី ១១ក្រសួង និងរាជធានី-ខេត្តចូលរួម។
ជាលទ្ធផលនៃការប្រកួតកីឡាវ៉ូវីណាម ក្នុងព្រឹត្តិការណ៍ ២ឆ្នាំម្ដងខាងលើ គឺក្រុមកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១១គ្រឿង រួមមានមេដាយមាស៥ ប្រាក់៤ និងសំរឹទ្ធ២ គ្រាដែលក្រសួងការពារជាតិ ដណ្ដើមបានមេដាយមាស ៥គ្រឿងដូចគ្នាឈរលេខ២ តាមពីក្រោយដោយក្រុមកីឡាវ៉ូវីណាមខេត្តស្ទឹងត្រែង ឈរលេខ៣ ឈ្នះមេដាយសរុប ៣គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ១) និងខេត្តត្បូងឃ្មុំ ឈរលេខ៤ ឈ្នះមេដាយ ២គ្រឿង (មាស១ និងសំរឹទ្ធ ៧)។
ក្រោយចប់ការប្រកួតលោក អ៊ូ រតនា បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំតាមនិយាមអន្ដរជាតិ ក៏ដូចជាការអនុវត្តរបស់មន្ដ្រីបច្ចេកទេស ដោយបានផ្ដល់នូវយុត្ដិធម៌ដល់កីឡាករ-កីឡាការិនីគ្រប់រូប ពិសេសភាពរីកចម្រើននូវសមត្ថភាព និងបច្ចេកទេសខ្ពស់របស់កីឡាករ-កីឡាការិនីទាំងអស់។
នេះគឺជាការវាស់ស្ទង់កម្រិតខ្ពស់មួយសម្រាប់កីឡាករ-កីឡាការិនី ក៏ដូចជាមន្ដ្រីបច្ចេកទេស ត្រៀមការប្រកួតអន្ដរជាតិនានានា ជាពិសេសការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ នៅកម្ពុជា នាចុងខែវិច្ឆិកាខាងមុខ៕










