FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

AI NEXUS Cambodia ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជាមួយការវិនិយោគ ៥០ ម៉ឺនដុល្លារ ដើម្បីជួយដល់ដំណើរការអាជីវកម្មរបស់SMEs នៅកម្ពុជា

11-11-2026 19:36

(ភ្នំពេញ)៖ AI NEXUS Cambodia ដែលត្រូវបានបង្កើតឡើង ដើម្បីជួយដល់ដំណើរការអាជីវកម្មរបស់SMEs នៅកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាមួយនឹងការទទួលបានទុនវិនិយោគ ៥០ ម៉ឺនដុល្លារ។ ការវិនិយោគនេះមានគោលបំណងជំរុញការផ្លាស់ប្តូរបច្ចេកវិទ្យា AI សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងសមត្ថភាពប្រកួតប្រជែងរបស់ពួកគេ។

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅក្រោមវត្តមានរបស់ថ្នាក់ដឹកនាំ និងអ្នកវិនិយោគសំខាន់ៗ ដោយបង្ហាញពីចក្ខុវិស័យដ៏មុតមាំក្នុងការនាំយកបច្ចេកវិទ្យា AI កម្រិតអន្តរជាតិមកអនុវត្តក្នុងស្រុក។

ឧកញ៉ា អ៊ុច សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន AI NEXUS Cambodia បានគូសបញ្ជាក់ថា ការវិនិយោគនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមរបស់ SMEs កម្ពុជា ដែលភាគច្រើនជាប់គាំងនឹងដំណើរការរដ្ឋបាលយឺតយ៉ាវ ការងារដោយដៃ និងតួនាទីត្រួតគ្នា។ លោកបានបន្ថែមថា ការងាររដ្ឋបាលទាំងនេះបានធ្វើឱ្យខាតបង់ប្រាក់រាប់លានដុល្លារពីចំណូលអាជីវកម្ម។

លោកបន្ថែមថា AI Nexus ត្រូវបានបង្កើតឡើងដោយឈរលើស្តង់ដារខ្ពស់នៃការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ភាពជឿជាក់របស់សហគ្រាស និងការសម្ងាត់ទិន្នន័យសម្រាប់ដៃគូ SMEs ទាំងអស់។ គោលបំណងចម្បង នៃការបង្កើតប្រព័ន្ធនេះ គឺដើម្បីធានាថា កម្ពុជាមិនត្រូវបានទុកចោលក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យាដ៏សំខាន់បំផុតមួយនៃជំនាន់របស់យើងឡើយ។

លោក ឌឿក ដារ៉ាវុធ នាយកគ្រប់គ្រង និងជាស្ថាបនិក AI NEXUS Cambodia បានគូសបញ្ជាក់ថា AI NEXUSនឹងជួយដោះស្រាយបញ្ហាប្រឈមជាច្រើនដែល SMEs តែងជួបប្រទះ ដូចជាការងារដដែលៗ ការប្រើប្រាស់កម្លាំងពលកម្មច្រើន និងឯកសាររដ្ឋបាលដ៏ស្មុគស្មាញ ព្រមទាំងជួយបណ្ដុះបណ្ដាលដល់ SMEs ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យា AI ប្រកបដោយប្រសិទ្ធភាព ដើម្បីទាញយកសក្ដានុពលពេញលេញរបស់ AI។ លើសពីនេះ ក្រុមហ៊ុនក៏មានប្រព័ន្ធ AI ពេញលេញ ដែលអាចបត់បែនទៅតាមតម្រូវការជាក់ស្ដែងរបស់អាជីវកម្មនីមួយៗ មិនថាជាលក្ខណៈសហគ្រាសធំ ឬផ្នែកតូចៗនោះទេ។
(វីដេអូសម្ភាស)

ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគយុទ្ធសាស្ត្រទឹកប្រាក់ ៥០ ម៉ឺនដុល្លារអាមេរិក រវាង AI NEXUS Cambodia និង NexJarvis។ ការផ្តល់វិនិយោគទឹកប្រាក់ ៥០ ម៉ឺនដុល្លារអាមេរិកនេះរបស់NexJarvis នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍ និងពង្រីកដំណោះស្រាយ AI សម្រាប់ SMEs នៅកម្ពុជា ឆ្ពោះទៅរកអនាគតដ៏ឆ្លាតវៃ និងរីកចម្រើន។

លោក Kam Chin Seng ស្ថាបនិក NexJarvis បានលើកឡើងថា បច្ចេកវិទ្យា AI តែឯងមិនអាចជំរុញការផ្លាស់ប្តូរបានទេ ប៉ុន្តែវាទាមទារឱ្យមានការត្រៀមខ្លួនរបស់មនុស្ស ទាំងម្ចាស់អាជីវកម្ម ថ្នាក់ដឹកនាំ និងបុគ្គលិក ក្នុងការបើកចិត្តទទួលយក និងរៀនពីរបៀបប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

លោកបន្ថែមថា AI NEXUS នឹងជួយបណ្តុះបណ្តាល និងបើកគំនិតរបស់ប្រជាជនឱ្យយល់ដឹងពី AI ដើម្បីឱ្យពួកគេអាចធ្វើការជាមួយ AI បានកាន់តែប្រសើរ។ តាមរយៈការណែនាំ និងការពិនិត្យឡើងវិញ ក្រុមហ៊ុនសង្ឃឹមថានឹងជួយអាជីវកម្មឱ្យរីកចម្រើនលឿនជាងមុន រួមជាមួយនឹងបច្ចេកវិទ្យា AI ហើយ នេះជាជំហានដ៏សំខាន់មួយក្នុងការកសាងអនាគតឌីជីថលរបស់កម្ពុជា៕