FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិធីបុណ្យទិញទំនិញថ្ងៃទោល (Singles' Day) របស់ចិន លាតត្រដាងពីសមត្ថភាព និងឥទ្ធិពលនៃការលក់តាមរយៈបច្ចេកវិទ្យា AI

11-11-2026 15:50

(បរទេស)៖ ប្រសិនបើអ្នកកំពុងស្វែងរកភស្តុតាងដែលបង្ហាញពីភាពរីកចម្រើន និងការទាញយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកប្រើប្រាស់យ៉ាងសកម្មនៅប្រទេសចិន នោះពិធីបុណ្យទិញទំនិញថ្ងៃទោល (Singles' Day) ដែលប្រព្រឹត្តទៅពេញមួយខែ គឺជាសាក្សីយ៉ាងច្បាស់ក្រឡែត។ ការទិញទំនិញតាមរយៈកម្មវិធីសន្ទនាស្វ័យប្រវត្តិ (Chatbot) ដែលជួយណែនាំ តម្រង់ទិស និងបញ្ចប់ការបញ្ជាទិញដោយផ្ទាល់ កំពុងមានកំណើនយ៉ាងខ្លាំង។

យោងតាមរបាយការណ៍បានបង្ហាញថា ឧបករណ៍បំពាក់បច្ចេកវិទ្យា AI ដូចជា ប្រដាប់ក្មេងលេង និងរ៉ូបូត កំពុងត្រូវបានផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង ខណៈដែលអតិថិជនបាន និងកំពុងសម្រុកទិញកញ្ចប់ AI Token (អង្គគណនាសម្រាប់ប្រើប្រាស់ម៉ូដែល AI) យ៉ាងច្រើនសន្ធឹកសន្ធាប់។ សម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សដូចជា Alibaba, JD.com និង PDD Holdings បច្ចេកវិទ្យា AI បានក្លាយជាឧបករណ៍ថ្មីមួយក្នុងការទាក់ទាញចិត្តអតិថិជន ដែលប្រុងប្រយ័ត្នលើការចំណាយ ក្នុងបរិបទនៃទិដ្ឋភាពប្រកួតប្រជែងយ៉ាងស្រួចស្រាវ។ ឧទាហរណ៍ វេទិការបស់ Alibaba ដូចជា Tmall (សម្រាប់ម៉ាកយីហោល្បីៗ) និង Taobao (សម្រាប់អាជីវករទូទៅ) បានដាក់ឱ្យប្រើប្រាស់មុខងារ AI សម្រាប់ជួយស្រាវជ្រាវទំនិញ ការសាកល្បងសម្លៀកបំពាក់និម្មិត (Virtual try-ons) និងឧបករណ៍ស្វែងរកគូប៉ុងបញ្ចុះតម្លៃ។ ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ WPIC Marketing and Technologies បានបង្ហាញថា នៅលើកម្មវិធីវីដេអូខ្លី និងសង្គមពាណិជ្ជកម្ម Douyin ការបញ្ជាទិញប្រមាណ ៥% កាលពីខែតុលា ត្រូវធ្វើឡើងតាមរយៈតំណភ្ជាប់ Chatbot AI។ ដោយឡែកសម្រាប់ផលិតផលដែលទាមទារការគិតគូរល្អិតល្អន់ ដូចជាអាហារបំប៉ន ការទិញតាមរយៈ AI មានរហូតដល់លើសពី ២០%។

លោក Jacob Cooke អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន WPIC បានលើកឡើងថា «នេះនៅតែជាច្រកចេញចូល និងជាប្រភពស្វែងរកផលិតផលថ្មីស្រឡាងនៅឡើយ។ ខ្ញុំរំពឹងថា វានឹងក្តោបបក្ដាប់ភាគហ៊ុននៃការបញ្ជាទិញផ្ទាល់កាន់តែច្រើន ស្មើនឹងការលក់តាមរយៈការ Live Stream ឬសង្គមពាណិជ្ជកម្មដែរ»។ ទោះជាយ៉ាងណា សំណួរថា «តើ AI អាចជួយជំរុញការចំណាយសរុបរបស់អតិថិជនឱ្យកើនឡើងខ្លាំងឬយ៉ាងណា?» នោះ នៅតែជាអ្វីដែលត្រូវតាមដានបន្ត។

ទិន្នន័យពីប្រព័ន្ធ Syntun បានបង្ហាញថា ទំហំការលក់ក្នុងពិធីបុណ្យថ្ងៃទោល ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៣១ ខែតុលា បានកើនឡើង ២,៤% (ប្រៀបធៀបនឹងកំណើនលក់រាយសរុបរបស់ចិនត្រឹម ១,១% គិតត្រឹមដាច់ខែសីហា)។ បុណ្យថ្ងៃទោលដែលធ្លាប់តែជាព្រឹត្តិការណ៍រយៈពេល១ថ្ងៃ បានផ្លាស់ប្តូរមកជាពិធីបុណ្យបញ្ចុះតម្លៃពេញមួយខែ ដោយមានថ្ងៃចាប់ផ្តើមខុសៗគ្នាតាមវេទិកានីមួយៗ។

គួរជម្រាបថា បច្ចេកវិទ្យា AI បានជ្រាបចូលទៅក្នុងបទពិសោធន៍ទិញទំនិញរបស់អ្នកប្រើប្រាស់ចិន ជាខ្លាំងជាងទីផ្សារលោកខាងលិច ដោយសារតែភាពលេចធ្លោនៃកម្មវិធី Super Apps។ ភ្នាក់ងារ AI លើកម្មវិធីទាំងនោះអាចស្រាវជ្រាវ បញ្ចប់ប្រតិបត្តិការទូទាត់ ប្រើប្រាស់គូប៉ុង និងរៀបចំកាលវិភាគដឹកជញ្ជូន ដោយអ្នកទិញមិនបាច់ចាកចេញទៅប្រើកម្មវិធីផ្សេងឡើយ៕