កីឡាទូក បញ្ចប់ការប្រកួតកីឡាជាតិ លើកទី៥ ខណៈជើងឯកថ្នាក់ជាតិពានអភិសន្ដិបណ្ឌិត ស សុខា ឆ្នាំ២០២៦ ចាប់ផ្ដើមផ្លូវការ
10-11-2026 21:13
(ស្វាយរៀង)៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានបញ្ចប់ការប្រកួតរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ស្របពេលការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិដណ្ដើមពានរង្វាន់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លើកទី៣ ឆ្នាំ២០២៦ បានចាប់ផ្ដើមការប្រកួតផ្លូវការ។
ពិធីបិទការប្រកួតកីឡាប្រណាំងទូក និងបំពាក់មេដាយដល់ម្ចាស់ជយលាភីក្នុងព្រឹត្ដិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ និងពិធីបើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា ដោយអនុវត្តតាមកម្មវិធីប្រកួតប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធ សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំការប្រកួតកីឡាទូកនាគ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីឯកភាពជាតិ» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧-១០ ខែវិច្ឆិកា។
ការប្រកួតនេះ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជិត ១០០នាក់ មកពី ៧ក្រសួង និងរាជធានី-ខេត្តចូលរួម ដោយប្រកួតលើ ៤វិញ្ញាសា រួមមាន៖ ១. ទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ»៖ វិញ្ញាសា៥០០ម៉ែត្រ ផ្នែកចម្រុះ ចំណុះ១០នាក់។ ២. ទូកកានូ៖ វិញ្ញាសា២០០ម៉ែត្រ ឯកត្តជន C1។ ៣. ទូកកាយ៉ាក់៖ វិញ្ញាសា២០០ម៉ែត្រ ឯកត្តជន K1 និង ៤. ទូករ៉ូអ៊ីង៖ វិញ្ញាសា៨០០ម៉ែត្រ ឯកត្តជន 1X។ ជាលទ្ធផលក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ គឺមេដាយមាស ៣គ្រឿង, ក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយមាស១ និងប្រាក់២ គ្រាដែលខេត្តស្វាយរៀង និងព្រៃវែង ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១ ដូចគ្នា។
ដោយឡែកការប្រកួតជើងឯកថ្នាក់ជាតិ ដណ្តើមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបន្ដការប្រកួតពីព្រឹត្តិការណ៍ ២ឆ្នាំម្ដងខាងលើវិញ គឺមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៨៣៩នាក់ តំណាងសមាគម/ក្លិប មកពី ២៦ក្រសួង និងរាជធានី-ខេត្ត ស្មើនឹង ៦៩ទូកចូលរួម ដោយប្រកួតលើ ៣វិញ្ញាសា រួមមាន៖ ១. ទូក «ង» ខ្នាតអន្តរជាតិ៖ វិញ្ញាសា៨០០ម៉ែត្រ ចំណុះ២២នាក់ ផ្នែកបុរស។ ២. ទូកនាគ៖ វិញ្ញាសា៨០០ម៉ែត្រ ចំណុះ១២នាក់ ផ្នែកបុរស និង ៣. ទូកផ្កាចារ៖ វិញ្ញាសា៥០០ម៉ែត្រ ចំណុះ៥នាក់ ផ្នែកបុរស និងនារី។
ឆ្លៀតឱកាសនោះ ក្នុងនាមគណៈកម្មការរៀបចំ លោក សរ សិទ្ធិ បានថ្លែងអំណរគុណចំពោះលោកអភិសន្តិបណ្ឌិត ស សុខា ដែលតែងតែយកចិត្តទុកដាក់ដឹកនាំ ផ្តល់ការណែនាំ និងគាំទ្រគ្រប់កាលៈទេសៈ ដែលជាកម្លាំងចិត្តដ៏សំខាន់ដល់ការខិតខំបំពេញភារកិច្ចរបស់គណៈកម្មការរៀបចំការប្រកួតឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹងនោះ លោកក៏បានថ្លែងអំណរគុណសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ដែលតែងតែផ្តល់ការគាំទ្រ លើកទឹកចិត្ត និងឧបត្ថម្ភជាថវិកា សម្ភារៈ ព្រមទាំងគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ដល់កីឡាករ-កីឡាការិនី ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការ និងគាំទ្រឲ្យការប្រកួតនេះប្រព្រឹត្តទៅដោយជោគជ័យផងដែរ៕










