កីឡាជាតិ បង្ហាញគុណភាពយុវជនបន្ដវេនកីឡាចំបាប់ ឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ២០៣៦
09-11-2026 12:03
(ភ្នំពេញ)៖ ការប្រកួតកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយជោគជ័យ ជាមួយលទ្ធផលជាវិជ្ជមាន រួមទាំងការបង្ហាញនូវគុណភាពយុវជនបន្ដវេន សម្រាប់ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសត្រៀមឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ២០៣៦។
យោងតាមលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ថ្លែងក្នុងពិធីបិទការប្រកួត នៅថ្ងៃទី០៨ ខែវិច្ឆិកាថា ការប្រកួតកីឡាជាតិឆ្នាំនេះ សម្រាប់កីឡាចំបាប់ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៣៩នាក់ មកពី ១១ក្រសួង ស្ថាប័ន និងរាជធានី-ខេត្តចូលរួម នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ការប្រកួតនេះ ត្រូវបានរៀបចំតាមស្ដង់ដារអន្ដរជាតិ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពរបស់មន្ដ្រីបច្ចេកទេស និងគណៈកម្មការរៀបចំ។ អ្វីដែលពិសេស គឺកំណើនកីឡាករ-កីឡាការិនីពីតាមរាជធានី-ខេត្ត ព្រមទាំងការធ្វើបានយ៉ាងល្អ ក្នុងនោះកីឡាករ-កីឡាការិនីវ័យក្មេង ដែលបានបង្ហាញនូវការកម្រិតបច្ចេកទេសរីកចម្រើនគួរឲ្យកត់សម្គាល់។
លោកថា ទាំងអស់នេះ ជាអ្វីដែលសហព័ន្ធបានយកចិត្តទុកដាក់ និងកំពុងបន្ដជំរុញការអភិវឌ្ឍ ជាក់ស្ដែងនៅចុងឆ្នាំនេះ សហព័ន្ធនឹងមានរៀបចំជើងឯកយុវជនមួយទៀត ដើម្បីដុសខាតសមត្ថភាពធនធានបន្ដវេនឲ្យកាន់តែមុតស្រួច សម្រាប់ត្រៀមចូលរួមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ក៏ដូចជាទិសដៅឆ្ពោះទៅកីឡាអូឡាំពិក ឆ្នាំ២០៣៦ ផងដែរ។
ក្រឡេកទៅមើលលទ្ធផលការប្រកួតកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះវិញ គឺក្រសួងមហាផ្ទៃ ឈរកំពូលតារាងមេដាយ ដោយដណ្ដើមបានមេដាយសរុប ៧គ្រឿង (មាស៦ និងសំរឹទ្ធ១), ខេត្តកំពង់ឆ្នាំង ឈរលេខ២ ឈ្នះមេដាយសរុប ៩គ្រឿង (មាស២ ប្រាក់៣ និងសំរឹទ្ធ៤), ក្រសួងការពារជាតិ ឈរលេខ៣ ឈ្នះមេដាយសរុប ៨គ្រឿង (មាស២ ប្រាក់២ និងសំរឹទ្ធ៤) គ្រាដែលខេត្តតាកែវ និងខេត្តពោធិ៍សាត់ ឈរលេខ៤ និងលេខ៥ ឈ្នះមេដាយសរុប ៤គ្រឿង រួមមានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២ ដូចគ្នា៕







