FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអរសាទរខួប ១០ឆ្នាំ! ក្រុមហ៊ុន អង្គរមីល សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីជូនសាលាបឋមសិក្សាគ្រញូង និងប្រកាសគម្រោងវិនិយោគកសិដ្ឋានចិញ្ចឹមគោយកទឹកដោះទំនើបនៅកម្ពុជា

07-11-2026 21:13

(ត្បូងឃ្មុំ)៖ ក្រុមហ៊ុន ផលិតផលទឹកដោះគោ (Angkor Dairy Products Co., Ltd.) ដែលត្រូវបានគេស្គាល់ជាទូទៅថាជារោងចក្រផលិតទឹកដោះគោ «AngkorMilk» បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី ប្រគល់ជូនសាលាបឋមសិក្សាគ្រញូង ដើម្បីអបអរសាទរគម្រប់ខួប ១០ឆ្នាំ នៃវត្តមានរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងក្រុមហ៊ុន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាសហគមន៍ជាច្រើនរូប។ ការកសាង និងប្រគល់អគារសិក្សាថ្មីនេះ គឺជាការបង្ហាញនូវការ ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការជឿទុកចិត្តរបស់ប្រជាជនកម្ពុជាចំពោះ AngkorMilk ក្នុងរយៈពេលមួយទសវត្សរ៍ កន្លងមកនេះ ស្របតាមទស្សនវិស័យរបស់ក្រុមហ៊ុនដែលជឿជាក់ថា «គ្មានការវិនិយោគណាមានតម្លៃជាងការវិនិយោគលើការអប់រំ និងអនាគតកុមារនោះឡើយ»។

គណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន AngkorMilk បានថ្លែងថា៖ «រយៈពេល ១០ឆ្នាំមកនេះ AngkorMilk មានបេសកកម្មដ៏ច្បាស់លាស់ គឺការផ្តល់ជូននូវផលិតផលទឹកដោះគោប្រកបដោយសុវត្ថិភាព អាហារូបត្ថម្ភ និងគុណភាពខ្ពស់បំផុតសម្រាប់ក្រុមគ្រួសារកម្ពុជា។ សាលារៀនមិនមែនគ្រាន់តែជាសំណង់អគារប៉ុណ្ណោះទេ តែជាទីកន្លែងបណ្តុះក្តីសុបិន ចំណេះដឹងសីលធម៌ និងអ្នកដឹកនាំជំនាន់ក្រោយ។ យើងសង្ឃឹមថា អគារសិក្សាថ្មីនេះនឹងផ្តល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅដល់កូនៗសិស្សានុសិស្សក្នុងការក្រេបជញ្ជក់ចំណេះវិជ្ជា»។

ក្នុងរយៈពេល ១០ឆ្នាំ នៃប្រតិបត្តិការអាជីវកម្ម AngkorMilk ជារោងចក្រផលិតទឹកដោះគោដំបូងគេនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសរ៉ូយ៉ាល់ភ្នំពេញ (RPPSEZ) ដោយបានបំពាក់ខ្សែច្រវ៉ាក់ផលិតកម្មស្វ័យប្រវត្តិទំនើបចុងក្រោយនាំចូលពី ប្រទេសស៊ុយអែត អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក។ ក្រុមហ៊ុនទទួលបានស្តង់ដារអន្តរជាតិ និងជាតិល្បីៗជាច្រើន រួមមាន ISO, FSSC 22000, HACCP និង GMP។

តាមរយៈការអភិវឌ្ឍឥតឈប់ឈរ ក្រុមហ៊ុនសម្រេចបាននូវសមិទ្ធផលលេចធ្លោជាច្រើនសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា៖
១៖ បង្កើតការងារក្នុងស្រុក៖ ផ្តល់ការងារផ្ទាល់ជូនបុគ្គលិកជំនាញជាង ៦០០នាក់ ព្រមទាំងបណ្តុះបណ្តាលផ្ទេរជំនាញបច្ចេកវិទ្យាកម្រិតខ្ពស់ជូនកូនខ្មែរ។
២៖ គាំទ្រសេដ្ឋកិច្ចមូលដ្ឋាន៖ គាំទ្រដល់អាជីវកម្មក្នុង និងក្រៅប្រព័ន្ធប្រមាណជាង ៥០,០០០អាជីវករ ដែលជាដៃគូចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយទូទាំងប្រទេស។
៣៖ បម្រើសេចក្តីត្រូវការទីផ្សារ៖ បម្រើអតិថិជនជាអ្នកទទួលទានចុងក្រោយជាង ៣លាននាក់ជារៀងរាល់ឆ្នាំ។
៤៖ កាតព្វកិច្ចពន្ធជូនរដ្ឋ៖ បានចូលរួមបង់ពន្ធ និងកាតព្វកិច្ចនានាចូលថវិកាជាតិសរុបប្រមាណ ៨២លានដុល្លារអាមេរិក ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុនបានប្រកាសពី «ជំពូកថ្មី» នៃផែនការអាជីវកម្មរបស់ខ្លួនដោយសម្រេចបន្តបោះទុនវិនិយោគបន្ថែមលើការបង្កើត កសិដ្ឋានចិញ្ចឹមគោ យកទឹកដោះស្តង់ដារខ្ពស់ និងទំនើបនៅកម្ពុជា ក្រោមការណែនាំលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងពី លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ គម្រោងថ្មីនេះនឹងជួយពង្រឹងវិស័យកសិ-ឧស្សាហកម្មជាតិ បង្កើតការងារ បណ្តុះបណ្តាលជំនាញចិញ្ចឹមសត្វកម្រិតខ្ពស់ជូនកសិករក្នុងស្រុក និងចូលរួមកាត់បន្ថយការនាំចូលទឹកដោះគោពីក្រៅប្រទេស។

លើសពីនេះ AngkorMilk បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តឈរជើងយ៉ាងរឹងមាំជាមួយប្រជាជនកម្ពុជា ក្រោមស្មារតី «ខ្មែរជួយខ្មែរ» បន្តពង្រីកផលិតផលប្រកបដោយគុណភាព និងបន្តចែករំលែកត្រឡប់ទៅសង្គមវិញឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕