FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និន្នាការថ្មីនៅចិន៖ ស្រ្តីវ័យក្មេងចំណាយប្រាក់ខ្ទង់ពាន់ដុល្លារ ដើម្បីថតរូបស្នេហ៍ជាមួយតារាម៉ូដែលប្រុស

07-11-2026 17:28

(បរទេស)៖ និន្នាការថ្មីនៃការចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់របស់ស្ត្រីវ័យក្មេងនៅក្នុងប្រទេសចិនដើម្បីជួលតារាម៉ូដែលប្រុសៗមកថតរូបបែបគូស្នេហ៍កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង និងក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុកនៅលើបណ្តាញសង្គមអនឡាញ។ បាតុភូតនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរថ្មីនៃសេវាកម្មបំពេញតម្រូវការផ្លូវចិត្ត និងការបង្ហាញពីសិទ្ធិអំណាចក្នុងការសម្រេចចិត្តចំណាយប្រាក់ដើម្បីភាពសប្បាយរីករាយផ្ទាល់ខ្លួនរបស់ស្ត្រីសម័យទំនើប។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កម្មវិធីសេវាកម្មថតរូបបែបស្នេហានេះអាចមានតម្លៃចាប់ពីជាងប្រាំពីរពាន់យន់រហូតដល់ជិតសាមសិបពាន់យន់ អាស្រ័យលើកញ្ចប់សេវាកម្ម ឈុតឆាក និងចំនួនរូបភាព។ ស្ទូឌីយោថតរូបបានរៀបចំកញ្ចប់សេវាកម្មទាំងនេះឡើងយ៉ាងពិសេស ដោយមានការចូលរួមពីតារាម៉ូដែលអាជីព ដែលមានរូបរាងសង្ហា កម្ពស់ខ្ពស់ស្រឡូន និងមានសមត្ថភាពសម្ដែងខ្ពស់។ ក្នុងអំឡុងពេលវគ្គថតរូប អ្នកថតរូបអាជីពបានរៀបចំកាយវិការយ៉ាងស្និទ្ធស្នាលដូចជាការកាន់ដៃ ការឱប ការសម្លឹងមុខគ្នា ឬការផ្ដល់ឈុតឆាកពិសេសៗដែលធ្វើឱ្យអតិថិជនមានអារម្មណ៍ថាខ្លួនកំពុងស្ថិតក្នុងទំនាក់ទំនងស្នេហាពិតប្រាកដ។ អតិថិជនខ្លះថែមទាំងបានបង្កើតសាច់រឿងផ្ទាល់ខ្លួន ដូចជាការសម្ដែងឈុតឆាកឈ្លោះប្រកែកគ្នាជាមួយសង្សាររួចត្រូវគេតាមលួងលោម ដើម្បីស្វែងរករសជាតិរំភើបនៃជីវិតស្នេហាដែលពួកគេមិនទាន់មានក្នុងជីវិតប្រចាំថ្ងៃ។

ទោះបីជាមានមតិចម្រូងចម្រាសខ្លះពីអ្នកលេងអ៊ីនធឺណិតដែលងឿងឆ្ងល់ចំពោះការចាយលុយលើមនុស្សចម្លែកក៏ដោយ ប៉ុន្តែអតិថិជនភាគច្រើនបានបញ្ជាក់ថាបទពិសោធន៍នេះគឺជាឱកាសដ៏មានតម្លៃមួយក្នុងការសម្រេចក្តីស្រមៃ បន្ធូរបន្ថយភាពតានតឹង និងជាពិសេសគឺការប្រើប្រាស់រូបភាពទាំងនោះដើម្បីបាំងមុខពីសម្ពាធដ៏ខ្លាំងក្លាពីសំណាក់ក្រុមគ្រួសាររឿងរៀបការ។ ម្ចាស់ស្ទូឌីយោថតរូបបានសង្កត់ធ្ងន់ថា ភាពស្និទ្ធស្នាលទាំងអស់ត្រូវតែស្ថិតក្រោមព្រំដែនសង្គមដ៏សមស្រប ដោយគ្មានការផ្លាស់ប្តូរលេខទាក់ទងគ្នាបន្តក្រៅស្ទូឌីយោនោះឡើយ ដើម្បីរក្សាវិជ្ជាជីវៈ និងសុវត្ថិភាព។ បាតុភូតនេះមិនត្រឹមតែជាការកម្សាន្តធម្មតានោះទេ ប៉ុន្តែវាក៏ជាសញ្ញាបង្ហាញថា ស្ត្រីក្នុងយុគសម័យទំនើប មានភាពក្លាហាន និងជឿជាក់ជាងមុន ក្នុងការបញ្ចេញ ឬនិយាយដោយចំហរអំពីអ្វីដែលខ្លួនចង់បានផ្នែកអារម្មណ៍ បទពិសោធន៍ស្នេហា ឬការគាំទ្រផ្លូវចិត្ត ដោយមិនខ្លាចការវិនិច្ឆ័យ ឬការរើសអើងពីសង្គមដូចមុនឡើយ ព្រមទាំងហ៊ានចំណាយធនធានផ្ទាល់ខ្លួនដើម្បីស្វែងរកសុភមង្គល និងការបំពេញចិត្តខ្លួនឯង៕