FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមសិល្បករខ្មែរ រំលែកនូវមរណភាពទុក្ខរបស់តារាសម្ដែង និងចម្រៀងលោក រតនៈ ពិសិដ្ឋ ស្លាប់ដោយសារគាំងបេះដូង នៅសហរដ្ឋអាមេរិក

07-11-2026 13:05

(ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់លោក រតនៈ ពិសិដ្ឋ តារាចម្រៀង និងជាអ្នកសម្តែងដ៏មានទេពកោសល្យ ដែលបានទទួលមរណភាពដោយសារគាំងបេះដូង នៅក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

សមាគមសិល្បករខ្មែរ បានចាត់ទុកថា ការបាត់បង់លោក រតនៈ ពិសិដ្ឋ គឺជាការបាត់បង់ធនធានសិល្បៈមួយរូប ដែលធ្លាប់បានបន្សល់ទុកនូវស្នាដៃ និងអនុស្សាវរីយ៍ល្អៗក្នុងដួងចិត្តអ្នកគាំទ្រ។ សមាគមសិល្បករខ្មែរ សូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោក រតនៈ ពិសិដ្ឋ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅជាមួយក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងអ្នកគាំទ្រទាំងអស់។ សូមវិញ្ញាណក្ខន្ធលោក រតនៈ ពិសិដ្ឋ បានទៅកាន់សុគតិភព។ សូមឱ្យស្នាដៃ និងអនុស្សាវរីយ៍របស់លោកស្ថិតនៅក្នុងការចងចាំរបស់មហាជន និងមិត្តរួមអាជីពជានិច្ច។

លោក រតនៈ ពិសិដ្ឋ គឺជាតារាសម្ដែង, តារាចម្រៀង និងជាពិធីករដ៏មានប្រជាប្រិយភាពម្នាក់នៅកម្ពុជា ដែលត្រូវបានគេស្គាល់តាមរយៈ ការសម្តែងភាពយន្តជាតួអង្គឯក ក្នុងរឿង «នរណា Comeback»។ លោកក៏តែងតែលេចវត្តមានក្នុងកម្មវិធីសិល្បៈតូចធំនានា ហើយត្រូវបានទស្សនិកជនសរសើរ មិនដាច់ពីមាត់ចំពោះសមត្ថភាព និងទេពកោសល្យសិល្បៈរបស់លោក។

លោក រតនៈ ពិសិដ្ឋ គឺជាអតីតតារាសម្ដែងប្រុសខ្មែរមួយរូប ដែលមានរូបរាងសង្ហា និងមានទេពកោសល្យ ដែលទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ លោកបានទទួលមរណភាពដ៏មិនគួឲ្យជឿ នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ទាំងវ័យនៅក្មេងនៅសហរដ្ឋអាមេរិក។

ខាងក្រោមនេះជាប្រវត្តិសង្ខេប និងដំណើរជីវិតរបស់លោក៖
១. អាជីពសិល្បៈនៅក្នុងប្រទេសកម្ពុជា
ការចូលប្រឡូក៖ លោក រតនៈ ពិសិដ្ឋ បានឈានជើងចូលក្នុងវិស័យសិល្បៈ តាមរយៈការសម្ដែងខ្សែភាពយន្ត វីដេអូចម្រៀង (MV) និងការថតស្ប៉តពាណិជ្ជកម្មផ្សេងៗ។
ភាពលេចធ្លោ៖ តាមរយៈការសម្ដែងជាតួអង្គ ដែលមានចរិតស្លូតបូត និងរូបសម្បត្តិសមសួន លោកបានកសាងកេរ្តិ៍ឈ្មោះ និងមានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ នៅក្នុងចង្កោមសិល្បៈខ្មែរ។

២. ជីវិតនៅលើទឹកដីសហរដ្ឋអាមេរិក
ការចាកចេញ៖ បន្ទាប់ពីបានផ្អាក និងស្ងប់ស្ងាត់ពីការងារសិល្បៈនៅក្នុងស្រុកមួយរយៈ លោកបានចាកចេញទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក។
អាជីពថ្មី៖ នៅទីនោះ លោកបានចាប់យកអាជីពជាតារាចម្រៀងប្រចាំភោជនីយដ្ឋាន «ហាក់ ហៀង» នៅក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ រីឯនៅថ្ងៃចុងសប្ដាហ៍ (សៅរ៍-អាទិត្យ) លោកតែងតែទទួលការងារច្រៀងកម្សាន្ត តាមបណ្ដារដ្ឋផ្សេងៗដែលមានប្រជាជនខ្មែររស់នៅច្រើន។

៣. មរណភាពដ៏គួរឱ្យតក់ស្លុត
មូលហេតុ៖ លោក រតនៈ ពិសិដ្ឋ បានទទួលមរណភាពដោយសារជំងឺគាំងបេះដូង។ ដំណឹងដ៏ក្រៀមក្រំនេះត្រូវបានបញ្ជាក់ដោយតារាចម្រៀង សូ សុភ័ក្រ្ត ដែលរស់នៅសហរដ្ឋអាមេរិក មកកាន់តារាសម្ដែងលោក សាវិន ហ្វីលីព រស់នៅក្នុងប្រទេសកម្ពុជា។
ការសោកស្ដាយ៖ មរណភាពយ៉ាងគំហុក និងមិនដឹងខ្លួនមុននេះ បានធ្វើឱ្យមហាជន អ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិរួមអាជីពក្នុងចង្កោមសិល្បៈមានការតក់ស្លុត និងសម្ដែងការសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់រូបលោកនៅពេលនេះ៕