របកគំហើញថ្មី៖ ឧបករណ៍អេឡិចត្រូនិកបង្កប់ក្រោមស្បែកទំហំប៉ុន USB អាចបឺតស្រូបស្ករលើសចេញពីឈាម ដោយមិនបាច់ប្រើអាំងស៊ុយលីន ឬថ្នាំពេទ្យ
06-11-2026 15:56
(ស្វ៊ីស)៖ ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វ៊ីស ETH Zurich ដឹកនាំដោយលោកសាស្ត្រាចារ្យ Martin Fussenegger បានអភិវឌ្ឍន៍ឧបករណ៍អេឡិចត្រូនិកបង្កប់ក្រោមស្បែក (Wireless Implant) ទំហំតូចប្រហែល ៣ សង់ទីម៉ែត្រ (ប៉ុន USB Stick) ដែលមានសមត្ថភាពកាត់បន្ថយកម្រិតស្ករក្នុងឈាមដែលកើនឡើងខ្ពស់បានយ៉ាងរហ័ស និងមានប្រសិទ្ធភាព ដោយពុំចាំបាច់ប្រើប្រាស់អាំងស៊ុយលីន ថ្នាំ ឬថ្នាំពេទ្យឡើយ។
របកគំហើញដ៏សំខាន់នេះ ត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ Science កាលពីចុងខែតុលា ឆ្នាំ២០២៦ កន្លងទៅ ដែលត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរទស្សនាទាន និងយុទ្ធសាស្ត្រថ្មីស្រឡាង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងជំងឺធាត់។
ឧបករណ៍បង្កប់ក្រោមស្បែកនេះ (មានឈ្មោះថា ECHO) ដើរតួជាកាតាលីករអេឡិចត្រូគីមី (Electrocatalyst) ដែលផ្សំឡើងពីបន្ទះកាបូន Graphite អមដោយអាតូមមាស nano-flakes និងប្លាទីន platinum។
ឧបករណ៍នេះដំណើរការដោយភ្ជាប់ទំនាក់ទំនងជាមួយសែនស័រវាស់កម្រិតស្ករក្នុងឈាមជាប្រចាំ (CGM) ដែលបំពាក់លើដៃរបស់អ្នកជំងឺ។ នៅពេលសែនស័រចាប់បានថាកម្រិតស្ករហក់ឡើងខ្ពស់ វានឹងផ្ញើសញ្ញាតាម Bluetooth ទៅកាន់ទូរស័ព្ទដៃ ឬនាឡិកាឆ្លាតវៃ ដើម្បីបញ្ជាបើកថាមពលរលកវិទ្យុឥតខ្សែ (Wireless Power) ទៅកាន់ឧបករណ៍បង្កប់ក្រោមស្បែក។
នៅពេលឧបករណ៍បើកដំណើរការ កាតាលីករនឹងប្រើប្រាស់ថាមពលអគ្គិសនីកម្រិតទាបបំផុត បំផ្លែងស្ករគ្លុយកូស (Glucose) ដែលលើសនៅក្នុងឈាមឱ្យក្លាយទៅជាសមាសធាតុ Gluconate ភ្លាមៗ។ ជាតិ Gluconate គឺជាសមាសធាតុដែលរាងកាយមិនអាចបំប្លែង ឬរក្សាទុកជាជាតិខ្លាញ់បានឡើយ ដូច្នេះតម្រងនោមនឹងធ្វើការចម្រោះ និងបញ្ចេញវាចោលតាមទឹកនោមយ៉ាងងាយស្រួល។ នៅពេលកម្រិតស្ករក្នុងឈាមធ្លាក់មកដល់កម្រិតប្រក្រតី ប្រព័ន្ធនេះនឹងបិទដោយស្វ័យប្រវត្តិ ដើម្បីការពារកុំឱ្យកើតមានស្ថានភាពចុះស្ករក្នុងឈាមខ្លាំង។
នៅក្នុងការពិសោធន៍លើសត្វកណ្តុរដែលមានជំងឺទឹកនោមផ្អែម និងជំងឺធាត់ ក្រុមអ្នកស្រាវជ្រាវបានរកឃើញលទ្ធផលគួរឱ្យកត់សម្គាល់ កម្រិតស្ករក្នុងឈាមរបស់សត្វកណ្តុរបានធ្លាក់ចុះមកកម្រិតប្រក្រតីវិញក្នុងរយៈពេលត្រឹមតែ ១ ម៉ោង បន្ទាប់ពីឧបករណ៍ចាប់ផ្តើមដំណើរការ ហើយអាចគ្រប់គ្រងកម្រិតស្ករបានយ៉ាងមានស្ថិរភាពរហូតដល់ ៦ សប្តាហ៍។ ដោយសារតែស្ករលើសត្រូវបំប្លែងទៅជា Gluconate ហើយបញ្ចេញចោលតាមទឹកនោម (ជំនួសឱ្យការបឺតស្រូបទៅរក្សាទុកជាកោសិកាខ្លាញ់) សត្វកណ្តុរក្នុងការពិសោធន៍បាន ស្រកទម្ងន់រហូតដល់ ១០% ព្រមទាំងថយចុះជាតិខ្លាញ់ Triglycerides និងជំរុញឱ្យរាងកាយទាញយកខ្លាញ់ចាស់ៗមកដុតជារបស់ប្រើប្រាស់ជំនួសវិញ។
លោកសាស្ត្រាចារ្យ Martin Fussenegger បានបញ្ជាក់ថា ៖ «អស់ជាច្រើនទសវត្សរ៍មកហើយ ការព្យាបាលជំងឺទឹកនោមផ្អែម គឺផ្តោតលើការបញ្ជាឱ្យរាងកាយគ្រប់គ្រងជាតិស្ករ តាមរយៈការប្រើថ្នាំ ឬអាំងស៊ុយលីន។ ប៉ុន្តែឥឡូវនេះ យើងកំពុងបង្ហាញថា យើងអាចគ្រប់គ្រងជាតិស្ករបានដោយផ្ទាល់ ដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ជំនួសឱ្យការប្រើប្រាស់ថ្នាំពេទ្យ»។
ដោយសារឧបករណ៍នេះមិនអាស្រ័យលើកោសិកាបន្តផ្ទាល់ ឬអង់ស៊ីមជីវសាស្ត្រ វាមានស្ថិរភាពខ្ពស់ មិនងាយខូច មិនប្រឈមនឹងការប្រឆាំងពីប្រព័ន្ធការពាររាងកាយ និងងាយស្រួលក្នុងការផលិតតាមស្ដង់ដារឧស្សាហកម្ម៕



