OpenAI ចាប់ផ្តើមធ្វើអន្តរាគមន៍ និងកំណត់ទម្រង់ការជជែកដេញដោលលើ AI សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨
05-11-2026 15:58
(បរទេស)៖ ក្រុមហ៊ុន OpenAI កំពុងព្យាយាមយ៉ាងសកម្មក្នុងការបង្កើត និងកំណត់ទម្រង់ការពិភាក្សានយោបាយជុំវិញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់យុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៨ ខាងមុខនេះ ដោយព្យាយាមជំរុញឱ្យបញ្ហា AI ក្លាយជាប្រធានបទស្នូល និងជាសំណួរដែលបេក្ខជនគ្រប់រូបត្រូវតែមានចម្លើយ។
យោងតាមឯកសារផ្ទៃក្នុង និងរបាយការណ៍ដែលបានលេចធ្លាយ លោក Chris Lehane ប្រធានផ្នែកកិច្ចការសកលរបស់ក្រុមហ៊ុន OpenAI បានធ្វើការណែនាំ និងជួបពិភាក្សាជាលក្ខណៈឯកជនជាមួយបេក្ខជនសក្តានុពល សម្រាប់ការបោះឆ្នោតឆ្នាំ២០២៨ ដោយលើកឡើងថា បច្ចេកវិទ្យា AI នឹងក្លាយជាកត្តាកំណត់ដ៏សំខាន់បំផុតក្នុងការប្រកួតប្រជែងដណ្តើមយកសេតវិមាន។ ចំណុចសំខាន់ៗដែល OpenAI កំពុងស្នើឡើងក្នុងរបៀបវារៈនយោបាយនេះរួមមាន ជំរុញឱ្យបេក្ខជននយោបាយមានទស្សនវិស័យច្បាស់លាស់ក្នុងការគ្រប់គ្រង និងទាញយកប្រយោជន៍ពី AI។ ធានាថា មនុស្សនៅតែជាអ្នកក្តាប់ដៃចង្កូត និងធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗដដែល ទោះបីជាមានការប្រើប្រាស់ AI ក៏ដោយ។ រៀបចំយុទ្ធសាស្ត្រជួយដល់កម្មករនិយោជជែក និងការដាក់បញ្ចូល AI ទៅក្នុងវិស័យអប់រំ ដើម្បីត្រៀមខ្លួនទប់ទល់នឹងការផ្លាស់ប្តូរទីផ្សារការងារ។ មួយទៀត គឺពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងការប្រើប្រាស់ថាមពលអគ្គិសនី និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាជាមួយប្រទេសចិន។
ទោះជាយ៉ាងណា គំនិតផ្ដួចផ្ដើមនេះបានរងនូវការរិះគន់ពីសំណាក់អ្នកជំនាញ និងស្ថាប័នស្រាវជ្រាវមួយចំនួន ដោយពួកគេបានលើកឡើងថា គោលនយោបាយទាំងនោះហាក់ដូចជាការពារផលប្រយោជន៍ និងការរីកចម្រើនរបស់ក្រុមហ៊ុនបដិវត្តន៍បច្ចេកវិទ្យាខ្លួនឯង ច្រើនជាងការបង្កើតយន្តការគាំពារធនធានហិរញ្ញវត្ថុជូនដល់ពលរដ្ឋ ឬកម្មករដែលនឹងត្រូវរងផលប៉ះពាល់ពីការស្វ័យប្រវត្តិកម្ម៕









