មន្ដ្រីបច្ចេកទេសកីឡារាំ យល់កាន់តែច្បាស់ពីការវិវឌ្ឍន៍ច្បាប់ប្រកួត ក្រោយឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ៤ថ្ងៃ
05-11-2026 12:33
(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកីឡារាំ ប្រចាំឆ្នាំ២០២៦ ដែលរៀបចំដោយសហព័ន្ធកីឡារាំកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការសិក្សារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០១-០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលបានផ្ដល់នូវចំណេះដឹង និងការយល់កាន់តែច្បាស់ពីការវិវឌ្ឍន៍ច្បាប់ប្រកួត ប្រព័ន្ធវិនិច្ឆ័យពិន្ទុ និងបទបញ្ជាគ្រប់គ្រងការប្រកួតជាដើម។
នេះបើយោងតាមរបាយការណ៍ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលខាងលើ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាល្ងាចថ្ងៃពុធកន្លងទៅ ក្រោមវត្តមានលោកស្រី ប៉ុក ណណ្តា អនុប្រធានសហព័ន្ធកីឡារាំកម្ពុជា អមដោយមន្ដ្រីថ្នាក់ដឹកនាំសហព័ន្ធ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។
លោកស្រីបន្ដថា វគ្គបណ្ដុះបណ្ដាលក្រោមគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡានេះ មានសិក្ខាកាមចូលរួមចំនួន ៣០នាក់ ដែលបង្រៀនដោយគ្រូឧទ្ទេស ៤រូប គឺមានលោកជំទាវ ម៉ក់ វណ្ណស៊ីថា, លោក ស៊ូវ តុង អគ្គលេខាធិការរង និងកញ្ញា You Shu Jie គ្រូបង្វឹកជម្រើសជាតិកម្ពុជា និងលោកស្រីផ្ទាល់ ខណៈជាលទ្ធផលមានសិក្ខាមទទួលបាននិទ្ទេសល្អចំនួន ៨០% និងនិទ្ទេសមធ្យមចំនួន ២០%។
អគ្គលេខាធិការសហព័ន្ធដដែលបញ្ជាក់ថា «វគ្គនេះ ពិតជាបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ដល់សិក្ខាកាម ក្នុងការពង្រឹងសមត្ថភាព និងបង្កើនធនធានមនុស្សជាមន្ដ្រីបច្ចេកទេសកីឡារាំ និងជាពិសេសសិក្ខាកាមទាំងអស់ បានយល់ដឹងកាន់តែច្បាស់ពីការវិវឌ្ឍន៍របស់ច្បាប់ប្រកួត ប្រព័ន្ធវិនិច្ឆ័យ និងបទបញ្ជាគ្រប់គ្រងការប្រកួតជាលក្ខណៈជាតិ និងអន្ដរជាតិ»។
ឆ្លៀតឱកាសនោះ លោកស្រី ប៉ុក ណណ្តា បានវាយតម្លៃខ្ពស់ ចំពោះគ្រប់គ្រងវគ្គ ដែលបានជំរុញឲ្យដំណើរការសិក្សាប្រព្រឹត្តទៅដោយរលូន និងបានកោតសរសើរសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការក្រេបជញ្ជក់នូវចំណេះដឹង រហូតទទួលបានលទ្ធផលដ៏ល្អប្រសើរ ស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ក្នុងការអភិវឌ្ឍធនធានមន្ដ្រីបច្ចេកទេស ទទួលបាននូវចំណេះជំនាញ ការគ្រប់គ្រង និងការដឹកនាំរៀបចំការប្រកួតកីឡា ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដោយឈរលើភាពយុត្តិធម៌ និងក្រមសីលធម៌ខ្ពស់បំផុត៕










