FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មួយទសវត្សរ៍នៃសេវាសុខាភិបាលស្ដង់ដារជប៉ុន និងការរីកចម្រើនទន្ទឹមគ្នាជាមួយប្រទេសកម្ពុជា

04-11-2026 17:59

(ភ្នំពេញ)៖ ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន គឺជាមិត្តភាពដ៏ប្រពៃ និងរឹងមាំដែលត្រូវបានពង្រឹងស្ទើរគ្រប់វិស័យឆ្លងកាត់មកជាច្រើនទសវត្សរ៍។ កិច្ចសហប្រតិបត្តិការប្រកបដោយទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមកនេះ មិនត្រឹមតែបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតនូវចំណងមេត្រីភាពដ៏ស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ស្របតាមការរីកចម្រើនឥតឈប់ឈរនៃប្រទេសជាតិវិស័យសុខាភិបាលកម្ពុជាបានស្វាគមន៍នូវការ ផ្លាស់ប្តូរនិងការអភិវឌ្ឍជាវិជ្ជមានជាច្រើន។ ក្នុងដំណើរការកសាង និងលើកកម្ពស់គុណភាពនៃ ការថែទាំសុខភាពនេះ ប្រទេសជប៉ុនបានដើរតួនាទីយ៉ាងសំខាន់តាមរយៈការផ្តល់ជំនួយ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាច្រើន។

ឈរលើស្មារតីនេះ មន្ទីរពេទ្យ ជប៉ុនសាន់រ៉ាយស៍ ភ្នំពេញ (Sunrise Japan Hospital Phnom Penh) ត្រូវបានបង្កើតឡើងក្នុងគោលបំណងនាំ យកសេវាសុខាភិបាលដែលមានគុណភាព និងសុវត្ថិភាពខ្ពស់មកជូនប្រជាជនកម្ពុជាដោយផ្ទាល់។ ចាប់តាំងពីពេលនោះមក ពួកយើងបានពង្រីកសេវាកម្ម និងតួនាទីកាន់តែច្រើនឡើង ស្របពេល ដែលយើងបានចូលរួម និងពង្រឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតឈប់ឈរនូវគ្រប់ដំណាក់កាល ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា។

ពេញមួយរយៈពេល ១០ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យ ជប៉ុន សាន់រ៉ាយស៍ ភ្នំពេញ មិនត្រឹមតែ បាននាំចូលនូវបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ និងវិធីសាស្ត្រព្យាបាលស្របតាមស្តង់ដារជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងសហគមន៍ជាច្រើន រួមមាន៖ ការ ចូលរួមសម្អាតបរិស្ថាន និងអនាម័យ ការបរិច្ចាគឈាម ការចុះពិនិត្យសុខភាពដោយផ្ទាល់ជូន សហគមន៍ និងតាមសាលារៀន ការគាំទ្រសកម្មភាពកីឡា ព្រមទាំងការរៀបចំកម្មវិធីសិក្ខាសាលា សុខភាពទូទៅជាច្រើន ដើម្បីចែករំលែកចំណេះដឹងថែទាំសុខភាពដល់អ្នកជំងឺ និងសាធារណជន។

លើសពីនេះ មន្ទីរពេទ្យក៏បានផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្សក្នុងស្រុក តាមរយៈការបញ្ជូនបុគ្គលិកទៅដកស្រង់បទពិសោធន៍ផ្ទាល់ នៅប្រទេសជប៉ុន ក៏ដូចជាការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ផ្ទាល់ជាមួយក្រុមការងារជំនាញវេជ្ជសាស្ត្រជប៉ុន មកកាន់បុគ្គលិកសុខាភិបាលកម្ពុជា នៅមន្ទីរពេទ្យ ជប៉ុន សាន់រ៉ាយស៍ ភ្នំពេញ។ ទន្ទឹមនឹងការបណ្តុះបណ្តាលបុគ្គលិកផ្ទៃក្នុង មន្ទីរពេទ្យ ជប៉ុនសាន់រ៉ាយស៍ ភ្នំពេញ ក៏បានចូលរួម ចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍវិស័យសុខាភិបាលក្នុងកម្ពុជា ជារួមតាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូ ក្នុងវិស័យសុខាភិបាលក្នុងស្រុក រួមមានមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យឯកជន និងវិទ្យាស្ថាននានា តាមរយៈកម្មវិធីសិក្ខាសាលានិងការចែករំលែកក្នុងសន្និសីទវិទ្យាសាស្ត្រផ្សេងៗ។

ជាក់ស្តែង ក្នុងឱកាសគម្រប់ខួប ១០ឆ្នាំនេះ មន្ទីរពេទ្យ ជប៉ុនសាន់រ៉ាយស៍ ភ្នំពេញ បានរៀបចំនូវសន្និសីទអន្តរជាតិវិទ្យាសាស្ត្រក្រោមប្រធានបទ «ការរៀបចំប្រព័ន្ធថែទាំសុខភាពរួមបញ្ចូលគ្នាសម្រាប់អ្នកជំងឺមហារីកតាមគ្រប់ដំណាក់កាលនៃជីវិត៖ ការថែទាំដែលផ្តោតលើអ្នកជំងឺ ចាប់ពីការបង្ការជំងឺ រហូតដល់ការថែទាំសម្រន់» ដោយមានការចូលរួមពីវាគ្មិនជាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកជាង ២០រូប (ខ្មែរ និងជប៉ុន) ព្រមទាំងមានអ្នកចូលរួមជាង ៤០០នាក់ មកពីស្ថាប័នផ្សេងៗរួមទាំងនិស្សិតដែលកំពុងសិក្សាក្នុងវិស័យសុខាភិបាលផងដែរ។

ឈានចូលមកដល់គម្រប់ខួប ១០ឆ្នាំនេះ មន្ទីរពេទ្យ សាន់រ៉ាយស៍ ជប៉ុន សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្តដែលប្រជាជនកម្ពុជា បានផ្តល់ឱ្យនាពេលកន្លងមក។ ឆ្ពោះទៅកាន់អនាគត យើងខ្ញុំប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តបេសកកម្មលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា តាមរយៈការអភិវឌ្ឍគុណភាពសេវាព្យាបាលឱ្យកាន់តែប្រសើរឡើង និងរួមចំណែកយ៉ាងសកម្មក្នុងការជួយឱ្យវិស័យសុខាភិបាលក្នុងស្រុកកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ សម្រាប់ទសវត្សរ៍បន្ទាប់របស់មន្ទីរពេទ្យ យើងនឹងបន្តរីកចម្រើន និងអភិវឌ្ឍជាមួយគ្នា ដោយធ្វើការរួមគ្នាជាមួយអ្នកជំងឺ អ្នកជំនាញសុខាភិបាល ដៃគូសហការ និងសហគមន៍ ដើម្បីចូលរួមចំណែកបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់វិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា៕