ណាហ្គាខប ជាប់ចំណាត់ថ្នាក់លេខ៣១ នៅក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំង១០០ នៅអាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តីហ្វ័រឈូន ដែលបានកើនឡើងពីចំណាត់ថ្នាក់លេខ៤៦
04-11-2026 12:52
(ភ្នំពេញ)៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង ៖ ៣៩១៨) ដែលប្រតិបត្តិការណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តឈានមុខគេមួយ ក្នុងតំបន់ទន្លេមេគង្គ ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំង១០០ នៅអាស៊ីអាគ្នេយ៍របស់ទស្សនាវដ្តីហ្វ័រឈូនសម្រាប់ឆ្នាំទី២ ជាប់ៗគ្នា ដោយបានកើនឡើង មកចំណាត់ថ្នាក់លេខ៣១ ពីលេខ៤៦ ក្នុងឆ្នាំ ២០២៥។
ណាហ្គាខបដែលជាក្រុមហ៊ុនតែមួយគត់ មកពីប្រទេសកម្ពុជានៅក្នុងបញ្ជីឆ្នាំ២០២៦នេះ បានបង្ហាញសារជាថ្មីម្តងទៀត នូវវប្បធម៌ការងារដ៏រឹងមាំ និងប្រកបដោយចីរភាព ដែលត្រូវបានគាំទ្រដោយការវិនិយោគទៅលើបុគ្គលិក និងការលើកស្ទួយដល់បុគ្គលិក។
ការបញ្ជាក់ទទួលស្គាល់ឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងដោយផ្អែកទាំងស្រុងទៅលើការស្ទង់មតិសម្ងាត់របស់បុគ្គលិកដែលប្រមូលដោយស្ថាប័ន Great Place To Work® ដែលពិនិត្យមើលថាតើក្រុមហ៊ុនកសាងទំនុកចិត្ត ភាពយុត្តិធម៌ និងគោលបំណងច្បាស់លាស់បានល្អកម្រិតណា ព្រមទាំងពិនិត្យមើលលើការអនុវត្តគុណតម្លៃទាំងនេះ ស្របគ្នានៅគ្រប់ក្រុមការងារ និងទីផ្សារទាំងអស់។
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រុមហ៊ុនទាំងអស់ត្រូវទទួលបានការបញ្ជាក់ទទួលស្គាល់ Great Place To Work Certified™ និងមានបុគ្គលិកយ៉ាងហោចណាស់២០០ នាក់នៅអាស៊ីអាគ្នេយ៍។ ណាហ្គាវើលដ៍ ដែលមានកម្លាំងពលកម្មជិត៦.០០០ នាក់ទទួលបានពិន្ទុទំនុកចិត្តល្អប្រសើរ៩៧% ដែលកើនឡើងពី៩៥% កាលពីឆ្នាំមុន និងខ្ពស់ជាងកម្រិតស្តង់ដារដែលមាន៦៥% ។
«ការបញ្ជាក់ទទួលស្គាល់ឆ្នាំទី២ ជាប់ៗគ្នាក្នុងចំណាត់ថ្នាក់ខ្ពស់ជាងមុនបែបនេះ គឺជាសមិទ្ធផលដែលកើតចេញពីបុគ្គលិករបស់យើង» នេះជាការលើកឡើងរបស់លោក Philip Lee ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប។
លោកបានពន្យល់បន្ថែមថា «អ្វីៗទាំងអស់ គឺចាប់ផ្តើមពីមនុស្ស (បុគ្គលិក) ហើយនោះជាមូលហេតុដែលយើងវិនិយោគលើពួកគាត់ដោយការបំពាក់បំប៉នសមត្ថភាព ការផ្តល់អាទិភាពលើ សុខុមាលភាព និងអ្វីដែលសំខាន់បំផុតនោះ គឺការជំរុញលើកទឹកចិត្តឱ្យពួកគាត់ធ្វើការអស់ពីសមត្ថភាព។ នៅពេលដែលយើងវិនិយោគលើបុគ្គលិក ពួកគាត់នឹងបន្តរស់នៅជាមួយយើង និងរីកចម្រើនជាលំដាប់ជាមួយយើង ហើយអតិថិជនរបស់យើងនឹងទទួលបានសេវាកម្មកាន់តែប្រសើរ ទៅតាមនោះដែរនៅពេលពួកគាត់ឈានជើងចូល មកកាន់មណ្ឌលកម្សាន្ត របស់យើង។ វាស្តែងឱ្យឃើញយ៉ាងច្បាស់ថា បុគ្គលិករបស់យើងមានក្តីស្រឡាញ់ យ៉ាងជ្រាលជ្រៅចំពោះការងារ ព្រមទាំងចូលរួមសកម្មភាពជួយដល់សហគមន៍ និងបរិស្ថានរបស់យើង»។
ណាហ្គាខប បានចាត់ទុកការរីកចម្រើននេះថា កើតចេញពីការវិនិយោគយ៉ាងខ្ជាប់ខ្ជួនលើបុគ្គលិកតាមរយៈការបណ្តុះបណ្តាល និងការអភិវឌ្ឍដោយផ្អែកលើតម្លៃស្នូល CARES របស់យើង គឺ ៖ កិច្ចសហប្រតិបត្តិការ (Collaboration) គណនេយ្យភាព (Accountability) ការគោរព (Respect) ឧត្តមភាព (Excellence) និងចីរភាព (Sustainability)។
ការរក្សាបុគ្គលិករបស់ក្រុមហ៊ុន ត្រូវបានពង្រឹងខណៈបុគ្គលិកមានអារម្មណ៍ថា ពួកគាត់ត្រូវបានផ្តល់តម្លៃ និងសុខុមាលភាពរបស់ពួកគាត់ ត្រូវបានយកចិត្តទុកដាក់។ អត្រាផ្លាស់ប្តូរបុគ្គលិកប្រចាំឆ្នាំ បានថយចុះជាងពាក់កណ្តាលមកត្រឹម ៣.២% ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៦ បើប្រៀបធៀបនឹង៦.៩% ក្នុងឆ្នាំ២០២៥ ទាំងមូល។
ណាហ្គាខប បន្តអភិវឌ្ឍបុគ្គលិករបស់ខ្លួនតាមរយៈកម្មវិធីអភិវឌ្ឍអាជីព និងវិថីការងារ។ ក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំ២០២៦ ក្រុមហ៊ុនរក្សាបានអត្រានៃការចូលរួម វគ្គបណ្តុះបណ្តាលជិត១០០% ដោយចំនួននៃការចូលរួមសរុបកើនឡើង១៨% បើប្រៀបធៀបនឹងចំនួនសរុបប្រចាំឆ្នាំ២០២៥ ព្រមទាំងមានការវាយតម្លៃសមត្ថភាពឡើងវិញ បន្ទាប់ពីការបណ្តុះបណ្តាលផងដែរ។
ចំណែកការចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការអភិវឌ្ឍភាពជាអ្នកដឹកនាំ បានកើនឡើងជាង៣ដង បើប្រៀបធៀបនឹងឆ្នាំ២០២៥។ ទន្ទឹមនឹងនេះដែរ ការដំឡើងតំណែងទៅជាតួនាទី គ្រប់គ្រងរហូតមកដល់ពេលនេះ បានកើនឡើងជាង៤០% បើប្រៀបធៀបនឹងឆ្នាំ២០២៥ ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការទទួលស្គាល់ការរួមចំណែក និងការរីកចម្រើនរបស់បុគ្គលិក។
ម៉ាយផតថល (MyPortal) ដែលជាកម្មវិធីទូរសព្ទដៃរបស់ណាហ្គាខប ជួយឱ្យបុគ្គលិកទាំងអស់រក្សាទំនាក់ទំនង ទទួលបានព័ត៌មានថ្មីៗ និងមានការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ។ បច្ចុប្បន្ន ការប្រើប្រាស់ម៉ាយផតថល បានកើនឡើង ១៨% បើប្រៀបធៀបនឹងឆ្នាំ២០២៥ ដោយអត្រានៃការប្រើប្រាស់ រក្សាបានលើសពី៩៥% នៅគ្រប់ផ្នែកការងារទាំងអស់។
លទ្ធផលនៃការវិនិយោគដែលផ្តោតលើបុគ្គលិកជាចម្បងនេះ ស្តែងឱ្យឃើញយ៉ាងច្បាស់តាមរយៈមតិយោបល់របស់ភ្ញៀវរបស់យើង ៖ ការវាយតម្លៃវិជ្ជមាននៅលើគេហទំព័រ TripAdvisor ដែលបានរៀបរាប់ និងសរសើរដល់ក្រុមការងារណាហ្គាខប បានកើនឡើង ៦៥% ជាប្រចាំខែចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ២០២៦ ដែលជាការឆ្លុះបញ្ចាំង ដោយផ្ទាល់ចំពោះក្រុមការងារដែលមានអារម្មណ៍ថា ពួកគេត្រូវបានផ្តល់តម្លៃ ហើយបានបង្វែរការផ្តល់តម្លៃនោះ ទៅជាការផ្តល់បទពិសោធដ៏ល្អប្រសើរជូនដល់ភ្ញៀវវិញ។
កិច្ចខិតខំប្រឹងប្រែងទាំងនោះ ត្រូវបានទទួលស្គាល់ និងផ្តល់រង្វាន់លើកទឹកចិត្តយ៉ាងសមរម្យតាមរយៈកម្មវិធីផ្ទៃក្នុងរបស់ក្រុមហ៊ុន គឺកម្មវិធីជ្រើសរើស «បុគ្គលិកឆ្នើមប្រចាំខែ» និង «បុគ្គលិកស្មោះត្រង់» ដែលជួយបង្កើនទឹកចិត្តដល់បុគ្គលិកគ្រប់រូប ក្នុងការបន្តរក្សានូវស្តង់ដារខ្ពស់ក្នុងការបម្រើសេវាកម្មបដិសណ្ឋារកិច្ច។
បន្ថែមពីលើនេះ បុគ្គលិកណាហ្គាខប ក៏បានបណ្តុះនូវការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ និងចេញពីបេះដូង ក្នុងការចូលរួមចំណែកជួយដល់សហគមន៍ និងបរិស្ថាន។
ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ គឺជាកម្មវិធីផ្តួចផ្តើមផ្នែកចីរភាព និងការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលដឹកនាំដោយបុគ្គលិកស្ម័គ្រចិត្តរបស់យើង ដោយផ្តោតលើសសរស្តម្ភចំនួន៤រួមមាន ៖ ការអប់រំ សហគមន៍ កីឡា និងបរិស្ថាន។ សកម្មភាពជាង១,៦០០ នៅតាមបណ្តាខេត្តចំនួន១៦ និងម៉ោងស្ម័គ្រចិត្តជិត ៦៥,០០០ ម៉ោងបានផ្តល់អត្ថប្រយោជន៍ដល់ជីវិតប្រជាជនកម្ពុជាជាង១ លាននាក់៕


