ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
04-11-2026 10:54
(បរទេស)៖ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា កំណត់ត្រាកក់សំបុត្រចំនួនប្រមាណ ៤៦,០០០ អាចរងផលប៉ះពាល់ដោយសារឧប្បត្តិហេតុសន្តិសុខបច្ចេកវិទ្យា (Cybersecurity Incident) ដែលកើតឡើងលើប្រព័ន្ធ Amadeus ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាកក់សំបុត្ររបស់ខ្លួន។
Singapore Airlines បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ចុងក្រោយគេ ដែលរងផលប៉ះពាល់ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ធំៗផ្សេងទៀតដូចជា Cathay Pacific Airways, Japan Airlines, Asiana Airlines របស់កូរ៉េខាងត្បូង និង Malaysia Airlines បានរាយការណ៍ជាបន្តបន្ទាប់ ពីការធ្លាយទិន្នន័យអតិថិជននៅក្នុងប្រព័ន្ធ Amadeus នេះ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិសឹង្ហបុរីមួយនេះ បានបញ្ជាក់ថា ទិន្នន័យដែលបានលេចធ្លាយរួមមាន ឈ្មោះអតិថិជន, លេខសម្គាល់ការកក់សំបុត្រ, កាលវិភាគធ្វើដំណើរ និងថ្នាក់នៃការកក់សំបុត្រ។ លើសពីនេះ ទិន្នន័យឯកជនផ្សេងទៀតដូចជា អ៊ីមែល,លេខទូរស័ព្ទ, ព័ត៌មានឯកសារធ្វើដំណើរ និងលេខសមាជិក KrisFlyer នៃកំណត់ត្រាកក់សំបុត្រប្រមាណ ៦២០ ករណីក៏អាចត្រូវគេចូលពិនិត្យផងដែរ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Amadeus បានអះអាងថា ព័ត៌មានគណនីធនាគារ ឬកាតឥណទាន មិនបានលេចធ្លាយនោះទេ ហើយទិន្នន័យនៃការកក់សំបុត្រក៏មិនត្រូវបានកែប្រែឡើយ។ ជាមួយគ្នានេះ ក្រុមហ៊ុន Singapore Airlines ក៏បានបញ្ជាក់ដែរថា ប្រព័ន្ធ IT ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនមិនបានរងការវាយប្រហារ ឬធ្លាយនោះទេ។ ដើម្បីបង្ការហានិភ័យ ក្រុមហ៊ុន Singapore Airlines កំពុងទាក់ទងទៅកាន់អតិថិជនដែលមានគម្រោងធ្វើដំណើរខាងមុខ ដើម្បីផ្លាស់ប្តូរលេខសម្គាល់ការកក់សំបុត្ររបស់ពួកគេ។
គួររំលឹកផងដែរថា ក្រុមហ៊ុន Amadeus បានទទួលស្គាល់ពីចន្លោះប្រហោងសុវត្ថិភាពលើប្រព័ន្ធបង្ហាញទិន្នន័យកក់សំបុត្រ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនទិន្នន័យអតិថិជនសរុបដែលរងផលប៉ះពាល់នោះទេ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Cathay Pacific និង Japan Airlines បានរាយការណ៍ថា ព្រឹត្តិការណ៍ធ្លាយទិន្នន័យនេះបានប៉ះពាល់ដល់ការកក់សំបុត្រចំនួន ៥៣,០០០ ករណី និងអតិថិជនចំនួន ៩២,០០០ នាក់រៀងៗខ្លួន៕







