រដូវកាលនៃរឿងរ៉ាវក្នុងខ្លួន និងជុំវិញខ្លួន៖ «មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ»
03-11-2026 16:04
(ភ្នំពេញ)៖ មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១៥ ដែលជាមហោស្រពភាពយន្តខ្លីអន្តរជាតិដំបូងគេ និងតែមួយគត់ នៅកម្ពុជា បានបិទបញ្ចប់ដោយជោគជ័យនូវការប្រារព្ធរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដែលជាការបញ្ចប់ទៅជំនាន់នេះបង្កប់នូវខ្លឹមសារនាំឱ្យយើងបានស្វែងយល់យ៉ាងស៊ីជម្រៅអំពីប្រធានបទ «រឿងរ៉ាវក្នុងខ្លួន និងជុំវិញខ្លួន»។
រៀបចំឡើងដោយ «ក្រុមភាពយន្តឈូករ័ត្ន» មហោស្រពនេះបានអបអរសាទរថាមពលនៃការផលិតរឿងខ្លី ដោយចាប់យកនូវអារម្មណ៍សហគមន៍ និងស្នាដៃសិល្បៈឆ្នៃប្រតិដ្ឋនៃការប្រាប់រឿងដ៏លេចធ្លោ។ គណៈកម្មការរៀបចំកម្មវិធីបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សមិទ្ធិករភាពយន្ត ទស្សនិកជន និងដៃគូទាំងអស់ដែលបានធ្វើឱ្យឆ្នាំនេះទទួល បានជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេសដល់លោក ស្កុត នីសុន ស្ថាបនិករបស់«អង្គការមូលនិធិកុមារកម្ពុជា» ដែលតែងតែផ្តល់ការបរិច្ចាគដល់មហោស្រព ជាពិសេសដើម្បីប្រើជាប្រាក់រង្វាន់ផ្តល់ជូនដល់ជ័យលាភីក្នុងស្រុក នៅឆ្នាំនេះ។
ស្នាដៃចំនួន១០ បានជាប់ជាជ័យលាភីប្រចាំឆ្នាំ ២០២៦ ដូចខាងក្រោម៖
ពានរង្វាន់ក្នុងស្រុក៖
១. «សំនៀងផ្កាលើវាលខ្សាច់» ដោយ គឹម សោភា ជាប់ជាភាពយន្តខ្លីកម្ពុជា ល្អបំផុត
២. «ឆ្មាំខ្មោច» ដោយ JACK WACHTEL ជាប់ជាភាពយន្តខ្លីកម្ពុជា ល្អបន្ទាប់
៣. «Incident in the Mountain» ដោយ សេង សាវុន្ថរ៉ា ជាប់ចំណារមេប្រយោគសម្រាប់ភាពយន្តខ្លីកម្ពុជា
៤.«The Sream» ដោយ និត ពិសី ជាប់ជាជម្រើសទស្សិកជនសម្រាប់ ភាពយន្តខ្លីកម្ពុជា
៥.លិខិតពីអតីតកាល» ដោយ សៀង វួចលីន និង ឃាង ធីណាសានីម ជាប់ជាភាពយន្តខ្លីរបស់និស្សិតកម្ពុជាល្អបំផុត
៦. «មេឃលា» ដោយ យូ សុវណ្ណារិទ្ធ ជាប់ជាជម្រើសទស្សិកជនសម្រាប់ភាពយន្តខ្លីរបស់និស្សិតកម្ពុជា
ពានរង្វាន់អន្តរជាតិ៖
៧.AGAPITO (ហ្វីលីពីន) ដោយ ARVIN BELARMINO & KYLA ROMEO ជាប់ជាភាពយន្តខ្លីអន្តរជាតិល្អបំផុត
៨.The Professional Parent (រ៉ូម៉ានី និងស្លូវ៉ាគី) ដោយ ERIK JASAN ជាប់ជាចំណារមេប្រយោគសម្រាប់ភាពយន្តអន្តរជាតិកម្ពុជា
៩ .Brain Space (អង់គ្លេស) ដោយ LAURA TOFARIDES ជាប់ជាជម្រើសទស្សិកជនសម្រាប់ភាពយន្តខ្លីអន្តរជាតិ
១០.WASSUPKAYLEE (បារាំង និងសហរដ្ឋអាមេរិក) ដោយ PEPI GINSBERG ជាប់ជាទេពកោសល្យអន្តរជាតុឆ្នើម។
«ភាពយន្តគឺជាឧបករណ៍ដ៏មានឥទ្ធិពលដែលដើរតួយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីវប្បធម៌ និងអត្តសញ្ញាណជាតិរបស់ យើង ទៅកាន់ប្រជាជនយើង និងពិភពលោក។ វេទិកាដូចជាមហោស្រពភាពយន្តខ្លីចតុមុខបង្កើតឱកាសដ៏មានតម្លៃ សម្រាប់សមិទ្ធិករវ័យក្មេងរបស់យើង ដើម្បីបញ្ចេញពន្លឺ និងតំណាងឱ្យប្រទេសកម្ពុជាជាលក្ខណៈអន្តរជាតិ។ យើងគាំទ្រ យ៉ាងពេញទំហឹងចំពោះបេសកកម្មនេះដើម្បីបន្តជំរុញភាពយន្តខ្មែរទៅមុខ»។ នេះជាការលើករបស់លោក ហ៊ីម សុទិត្យា, រដ្ឋលេខាធិការ, ក្រសួងព័ត៌មាន។
លោកក៏បានគូសបញ្ជាក់បន្ថែមទៀតអំពីវិសាលភាពនៃការចូលរួមរបស់សមិទ្ធិករបរទេសក្នុងមហោស្រពខ្មែរទៀតថា «មិនតែប៉ុណ្ណោះ ក៏ធ្លាប់មានសមិទ្ធិករភាពយន្តខ្លីពីបរទេស មកចូលរួមមហោស្រពភាពយន្តខ្លីចតុមុខនេះដោយផ្ទាល់ដែរ ហើយ ពួកគេក៏បានស្វែងយល់បន្ថែមពីប្រទេសយើង។ ថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសនូវ គោលការណ៍ លើកលែងពន្ធ ដល់ការចុះមកថតនៅកម្ពុជា ដែលហៅថា «ទេសចរណ៍បែបភាពយន្ត»ដែរ។
CSFF ឆ្នាំនេះបានបង្ហាញភាពយន្តខ្លីចម្រុះចំនួន ៩០ ពី ៣៣ ប្រទេស ដែលមានចំណងជើងខ្មែរចំនួន ៤០ (រួមទាំង ១៦ នៅក្នុងការប្រកួត និង ១០ ឯកសារ) ដោយលើកកម្ពស់វប្បធម៌បើកចំហនៃការផ្លាស់ប្តូរអន្តរជាតិ ជាពិសេសជាមួយវត្តមាន ដោយផ្ទាល់របស់សមិទ្ធិករជនជាតិអង់គ្លេសរបស់រឿង «Brain Space» គឺកញ្ញា Laura Tofarides និង Joshua John Flinn។ កញ្ញាបានឱ្យដឹងថា៖ «នេះជាលើកទី១ហើយ ដែលនាងខ្ញុំ និងដៃគូបានមកលេងប្រទេសកម្ពុជា និងចូលរួម មហោស្រពភាពយន្តខ្លីចតុមុខ។ នាងខ្ញុំពិតជារំភើបដែលត្រូវបានមហោស្រពនេះ ជ្រើសរើសរឿងយើងខ្ញុំចាក់បង្ហាញ និង មានការទទួលស្គាល់ពីទស្សនិកជនក្នុងស្រុក។ អ្វីដែលនាងខ្ញុំពេញចិត្តបំផុតនោះគឺ ការការពារគម្រោងភាពយន្តខ្លី (pitching event) «ការ៉េមួយ» ដែលជួយឱ្យយើងខ្ញុំស្វែងយល់បន្ថែមពីទឹកចិត្ត និងរឿងរ៉ាវប្លែកៗរបស់សមិទ្ធិករកម្ពុជា និង អាស៊ីអាគ្នេយ៍ផ្សេងទៀត។»
មហោស្រពនេះបាន កត់ត្រានូវការចូលរួមយ៉ាងផុសផុល ដោយស្វាគមន៍អ្នកចូលរួមផ្ទាល់ប្រមាណ ១,០០០ នាក់ ក្នុងរយៈពេលបួនថ្ងៃ។ យុទ្ធនាការផ្សព្វផ្សាយតាមអនឡាញបានទៅដល់អ្នកទស្សនាឯកលក្ខភាពចំនួន ១,០០០,០០០ នាក់ ចន្លោះពីខែមករា ដល់ដើមខែវិច្ឆិកា។
គុណភាព និងបរិមាណរួមនៃស្នាដៃដែលបានដាក់បញ្ចូលក្នុងមហោស្រពបានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ ហើយជាពិសេសការបើកឱ្យនិស្សិតប្រកួតស្នាដៃរវាងគ្នា នាំមកនូវកម្រិតត្រឹមត្រូវ និងទឹកចិត្តពុះកញ្ជ្រោមួយផ្នែកទៀត សក្តិសមនឹងឥទ្ធិពលរបស់មហោស្រពនេះ ដែលជាវេទិកាដ៏សំខាន់សម្រាប់ដាក់បង្ហាញ ទេពកោសល្យថ្មីៗ។
«ជំនាន់ទី១៥ បានបញ្ជាក់ពីភាពចាស់ទុំដ៏អស្ចារ្យរបស់សមិទ្ធិករក្នុងស្រុករបស់យើង ដែលបានបើកបង្ហាញ នូវរឿងរ៉ាវផ្ទាល់ខ្លួនរបស់តួអង្គ ដែលមានភាពស៊ីជម្រៅជាមួយទស្សនិកជនរបស់យើង ហើយសឹងតែកម្រលើកយកមកថត ជាភាពយន្តខ្លី»។
លោកស៊ុំ ស៊ីថែន, ប្រធានមហោស្រពចតុមុខ ហៅកាត់ថា CSFF និងជាស្ថាបនិក «ក្រុមភាពយន្តឈូករ័ត្ន» បានថ្លែងបន្តថា «ឆ្នាំនេះ មហោស្រពពិតជាកោតសសើរ ដល់លោកស្រី គឹម សោភា ដែលជា សមិទ្ធិករនារីដំបូង ដែលជាប់ជាជ័យលាភីលេខ១ ក្នុងប្រវត្តិសាស្ត្រមហោស្រព។ នេះសរបង្ហាញថាមហោស្រព មិនត្រឹមតែ បើកចំហដល់ស្នាដៃពីគ្រប់សាវតារ របស់ម្ចាស់ស្នាដៃទេ តែជោគជ័យនេះនឹងបំផុសរបត់ថ្មីដល់យុវសមិទ្ធិករ ផ្សេងៗទៀត មិនថានារី ឬបុរសទេ»។
ភាពជោគជ័យនៃមហោស្រពនេះត្រូវបានគូសបញ្ជាក់ដោយអ្នកផលិតភាពយន្តខ្លួនឯង៖
«នាងខ្ញុំពិតជាមិនរំពឹងថាទទួលបានជ័យលាភីដម៏មានកិត្តិយសនេះទេ ដោយសារនាងខ្ញុំសង្កេតឃើញស្នាដៃផ្តាច់ព្រ័ត្រ ផ្សេងៗក៏ល្អមិនចាញ់ស្នាដៃរបស់នាងខ្ញុំដែរ។ អ្វីដែលកាន់តែរំភើបនោះគឺការណ៍ដែលដឹងថា នាងខ្ញុំជាសមិទ្ធិករនារីទី១ ដែលទទួលបានពានរង្វាន់កំពូលមួយនេះ។ ការទទួលស្គាល់របស់មហោស្រពនិងគណៈមេប្រយោគ ពិតជាផ្តល់តម្លៃ ដល់ក្រុមការងាររបស់នាងខ្ញុំ ជាពិសេសអ្នកចម្រៀងដែលច្រៀងបទតែងដើម និងសិល្បការនីគំនូរលើផ្ទាំងរូបតួម្តាយ ក្នុងរឿងរបស់ខ្ញុំ»។ លោកស្រីក៏បន្ថែមថា «នាងខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗ ជាពិសេសយុវនារីឱ្យចាប់ឱកាសក្នុងការរៀនសូត្រ និងផលិត ស្នាដៃសិល្បៈ និងភាពយន្តដើម្បីផ្សព្វផ្សាយវប្បធម៌យើង ប្រទេសយើង និងផ្សារភ្ជាប់ចំណេះដឹងជាមួយពិភពលោក»។
លោកស្រី គឹម សោភា, សមិទ្ធិករភាពយន្តជ័យលាភី របស់មហោស្រពភាពយន្តខ្លីចតុមុខ ប្រចាំឆ្នាំ២០២៦ តាមរយៈ ភាពយន្តខ្លីរឿង «សំនៀងផ្កាលើវាលខ្សាច់»
ការពង្រីកនេះផ្តល់នូវឱកាសដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់ដៃគូ និងអ្នកសហការថ្មី ជាពិសេសអ្នកដែលស្ថិត នៅក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ដែលកំពុងស្វែងរកការតភ្ជាប់ជាមួយការនាំចេញវប្បធម៌ដ៏រស់រវើកបំផុតមួយ របស់កម្ពុជា និងគាំទ្រដល់ការប្រារព្ធខួបដ៏សំខាន់នេះក្នុងប្រវត្តិសាស្ត្រភាពយន្តនៅកម្ពុជា។
លោក ស្កុត នីសុន, ស្ថាបនិករបស់«អង្គការមូលនិធិកុមារកម្ពុជា» ដែលបានជួយជ្រោមជ្រែងជាថវិកាដល់មហោស្រព ប៉ុន្មានឆ្នាំកន្លងមកនេះ បាននិយាយអំពីតួនាទីសំខាន់របស់មហោស្រពនេះថា៖
«វិស័យភាពយន្តពិតជាមានសារៈសំខាន់ ក្នុងការបង្ហាញគំនិតច្នៃប្រតិដ្ឋរបស់យុវជន និងពិពណ៌នារឿងរ៉ាវជុំវិញខ្លួន ដូចជា វប្បធម៌ និងប្រពៃណី។ ការណ៍ដែលខ្ញុំបាទតែងផ្តល់ការយកចិត្តទុកដាក់ដល់សកម្មភាពរបស់«ក្រុមភាពយន្តឈូករ័ត្ន» និង «មហោស្រពភាពយន្តខ្លីចតុមុខ» ព្រោះខ្ញុំបាទយល់ឃើញថាគម្រោងទាំង២នេះ ផ្តល់ឱកាសបញ្ចេញស្នាដៃសិល្បៈ និង ជំនាញទន់នានា ដល់យុវជនកម្ពុជា ដូចជាការផ្តោតអារម្មណ៍របស់ «អង្គការមូលនិធិកុមារកម្ពុជា» ផងដែរ។
ជាមួយគ្នានេះដែរមហោស្រពភាពយន្តខ្លីចតុមុខCSFF នឹងរៀបចំកម្មវិធីចាក់បញ្ចាំងរឿងភាពយន្ត ដែលជាប់ជម្រើសឆ្នាំ នេះនៅតាមបណ្តាខេត្ត ដូចជាបាត់ដំបង និងសៀមរាប ដើម្បី ផ្សព្វផ្សាយ ដល់សមិទ្ធករ សិស្សនិស្សិត និងមហាជនបន្ថែម ទៀត។ ដូច្នេះគណៈកម្មការមហោស្រព ត្រូវការ ថវិកាបន្ថែម ដើម្បីដំណើរការយុទ្ធនាការទាំងនេះឱ្យរលូន៕




























