FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Reddit ប្តឹងជំទាស់ច្បាប់អូស្ត្រាលី ហាមកុមារអាយុក្រោម ១៦ឆ្នាំប្រើបណ្តាញសង្គម

03-11-2026 15:37

(បរទេស)៖ ក្រុមហ៊ុន Reddit បានរិះគន់ច្បាប់ហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គមរបស់ប្រទេសអូស្ត្រាលីថា «រៀបចំឡើងដោយខ្វះការគិតគូរ» និងជាការរឹតត្បិតយ៉ាងខ្លាំងលើការជជែកវែកញែកផ្នែកនយោបាយ ខណៈក្រុមហ៊ុននេះ និងក្រុមសកម្មជនគាំទ្រសេរីភាពបុគ្គល បានដាក់ពាក្យប្តឹងជំទាស់នឹងច្បាប់នេះនៅតុលាការកំពូលអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

ថ្លែងនៅចំពោះមុខតុលាការ លោក Perry Herzfeld មេធាវីតំណាងឱ្យ Reddit បានលើកឡើងថា ការហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំមិនឱ្យមានគណនីបណ្តាញសង្គម បានរារាំងពួកគេមិនឱ្យបង្កើត ឬឆ្លើយតបចំពោះមាតិកានៅលើមធ្យោបាយទំនាក់ទំនងដ៏សំខាន់បំផុតក្នុងពិភពលោកសម័យទំនើប។ លោកបានមានប្រសាសន៍ថា៖ «នេះគឺជាការរឹតត្បិតយ៉ាងខ្លាំងលើការជជែកវែកញែកផ្នែកនយោបាយនៅក្នុងប្រទេសអូស្ត្រាលី»។ លោកបន្ថែមថា ច្បាប់នេះមិនមានប្រសិទ្ធភាពទេ ព្រោះមិនបានកំណត់វិធានការជាក់លាក់ដើម្បីទប់ស្កាត់កុមារមិនឱ្យចូលប្រើប្រាស់ ហើយក៏មិនបានគ្រប់គ្រងសេវាអនឡាញផ្សេងទៀត ដូចជាគេហទំព័រលេងហ្គេម ដែលមានបញ្ហាយាយីតាមអ៊ីនធឺណិតនោះដែរ។

ច្បាប់នេះចូលជាធរមាននៅចុងឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រពីមាតាបិតា ប៉ុន្តែរងការជំទាស់ពីក្រុមហ៊ុនបច្ចេកវិទ្យា។ ការសិក្សាជាច្រើន រួមទាំងការសិក្សារបស់ស្ថាប័នគ្រប់គ្រងសុវត្ថិភាពអនឡាញអូស្ត្រាលី បានរកឃើញថា យុវជនភាគច្រើនដែលមានអាយុក្រោម ១៦ឆ្នាំ នៅតែបន្តប្រើប្រាស់បណ្តាញសង្គម ទោះបីជាច្បាប់នេះបានអនុវត្តក៏ដោយ។ ប្រសិនបើ Reddit ឈ្នះក្តី វាអាចជំរុញឱ្យក្រុមហ៊ុនផ្សេងទៀតបន្តជំទាស់ និងធ្វើឱ្យប្រទេសនានាមានការប្រុងប្រយ័ត្នក្នុងការដាក់ចេញច្បាប់ស្រដៀងគ្នានេះ។

ជាការឆ្លើយតប រដ្ឋាភិបាលអូស្ត្រាលីបានបង្កើនប្រាក់ពិន័យចំពោះក្រុមហ៊ុនដែលមិនអនុវត្តតាមច្បាប់ទ្វេដង រហូតដល់ ៩៩លានដុល្លារអូស្ត្រាលី (ប្រមាណ ៦៩,៥លានដុល្លារ) និងផ្តល់សិទ្ធិអំណាចបន្ថែមដល់ស្ថាប័នគ្រប់គ្រងសុវត្ថិភាពអនឡាញក្នុងការស៊ើបអង្កេត។ រដ្ឋាភិបាលក៏បានបញ្ជាក់ថា ខ្លួនកំពុងរៀបចំចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងវេទិកាបណ្តាញសង្គមធំៗមួយចំនួនផងដែរ៕