FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

NOCC កំណត់វិទ្យាល័យចំនួន ៤ ត្រៀមរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិកឆ្នាំនេះ

02-11-2026 18:46

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងបន្ដយុទ្ធនាការអប់រំគុណតម្លៃអូឡាំពិក (Olympic Values Education Programme – OVEP) ឆ្នាំ២០២៦ ដោយបានកំណត់វិទ្យាល័យចំនួន ៤ ក្នុងរាជធានីភ្នំពេញ ដើម្បីរៀបចំកម្មវិធីប្រចាំឆ្នាំនេះ ចាប់ពីថ្ងៃទី៣-៦ ខែវិច្ឆិកាខាងមុខ។

ក្រោមជំនួយអង្គការសាមគ្គីអូឡាំពិក (OS) នេះគឺជាសកម្មភាពអប់រំប្រចាំឆ្នាំមួយ ដែល NOCC តែងតែយកចិត្តទុកដាក់រៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីគុណតម្លៃអូឡាំពិកទៅកាន់សិស្សានុសិស្ស តាមរយៈការលើកកម្ពស់គុណតម្លៃអូឡាំពិក រួមមាន ឧត្តមភាព ការគោរព មិត្តភាព និងការប្រកួតប្រជែងដោយយុត្តិធម៌ ព្រមទាំងជំរុញឲ្យយុវជនមានការចូលរួមលេងកីឡា និងប្រកាន់ខ្ជាប់នូវរបៀបរស់នៅប្រកបដោយសុខភាពល្អ។

ជាមួយគ្នានេះ កម្មវិធីក៏មានគោលដៅជំរុញចលនា «យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំកាយ និងកីឡា ព្រមទាំងបណ្តុះស្មារតីស្រឡាញ់កីឡាឱ្យកាន់តែទូលំទូលាយក្នុងស្រទាប់យុវជន។

អ្វីដែលជាចំណុចពិសេសសម្រាប់ឆ្នាំ២០២៦នេះ គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងបញ្ចូលសកម្មភាពផ្សព្វផ្សាយអំពីយុទ្ធនាការត្រៀមខ្លួនឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ (Asian Youth Games 2031) នៅកម្ពុជាផងដែរ ដើម្បីបង្កើនការយល់ដឹង និងជំរុញការចូលរួមរបស់យុវជនក្នុងដំណើរឆ្ពោះទៅរកព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះផងដែរ។

តាមរយៈកម្មវិធីនេះ NOCC រំពឹងថា សិស្សានុសិស្សរាប់ពាន់នាក់នឹងទទួលបានចំណេះដឹងថ្មីៗអំពីចលនាអូឡាំពិក យល់កាន់តែច្បាស់ពីតួនាទីរបស់កីឡាក្នុងការអភិវឌ្ឍបុគ្គល និងសង្គមជាតិ ព្រមទាំងក្លាយជាកម្លាំងចលករក្នុងការផ្សព្វផ្សាយគុណតម្លៃវិជ្ជមាននៃកីឡាទៅកាន់មិត្តភក្តិ គ្រួសារ និងសហគមន៍របស់ខ្លួន៕